ព័ត៌មានទាន់ហេតុការណ៍៖

FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឲ្យដឹងថា ប្រធានក្លិប Olimpiaមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយគឺលោក Marco Trovato បានទទួលបំរាមក្នុងវិស័យបាល់ទាត់អស់មួយជីវិតចំពោះការជួសជុល និងការរៀបចំលទ្ធផលការប្រកួតទុកមុន

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤១ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១០ម៉ឺនហ្វ្រង់ស្វ៊ីស (ប្រហែល១០៨,០០០ដុល្លារសហរដ្ឋអាមេរិក) និងមិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់មួយជីវិត

គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថា លោក Trovato មានទោសពីបទរៀបចំការប្រកួត និងការប្រកួតបាល់ទាត់ទុកមុន និងការខកខានមិនបានសហការជាមួយអ្នកស៊ើបអង្កេត។ ការសម្រេចចិត្តដាក់ទណ្ឌកម្មលោក Trovato គឺទាក់ទងទៅនឹងការប្រកួតជាច្រើនដែលបានកើតឡើងរវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខណៈពេលដែលគាត់នៅជាប្រធានក្លិប ។

លោក Trovato ដែលធ្លាប់ធ្វើជាប្រធានក្លិប Asuncion ផងចាប់តាំងពីឆ្នាំ២០១៤ មានរយៈពេល១០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍។ នៅក្នុងសន្និសីទវីដេអូមួយលោក Trovato បានប្តេជ្ញាថា នឹងយករឿងក្តីរបស់លោកទៅតុលាការអាជ្ញាកណ្តាលផ្នែកកីឡាប្រសិនបើចាំបាច់ដើម្បីជម្រះឈ្មោះរបស់លោក។

សូមបញ្ជាក់ថា ក្លិប Olimpia ដែលលោក Trovato កាន់កាប់គឺជាក្លិបដែលទទួលបានជោគជ័យបំផុតនៅក្នុងបាល់ទាត់ប៉ារ៉ាហ្គាយដោយបានឈ្នះពានរង្វាន់លីគកំពូលរបស់ប្រទេសនេះបានចំនួន៤៤ដង និងធ្លាប់ឈ្នះពានរង្វាន់ Copa Libertadores ចំនួន៣ដងដោយ៖ភារៈ


ចែករំលែក៖