ព័ត៌មានទាន់ហេតុការណ៍៖

Armeniaប្រកាសថា​បានបាញ់ទម្លាក់យន្តហោះAzerbaijan ៨០គ្រឿង និងកម្ទេចរថក្រោះអស់ជាច្រើនគ្រឿង

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេស អារមេនី(Armenia) បានប្រកាសឲ្យដឹងថា កម្លាំងទាហានការពារដែនអាកាស បានបាញ់ទម្លាក់ យន្តហោះ​៨០គ្រឿងគ្រប់ប្រភេទ​ភាគច្រើនជាយន្តហោះគ្មានមនុស្សបើក ព្រមទាំងឧទ្ធម្ភាគចក្រ៧គ្រឿង និងរថក្រោះ រថពាសដែក ​១៣៧គ្រឿង។ ក្រៅពីនេះក៏មានទាហាន Azerbaijan ដល់ទៅ​៧៩០នាក់ស្លាប់ផងដែរ​។
សារព័ត៌មាន AlJazeera បានប្រកាសឲ្យដឹងថា នៅព្រឹកថ្ងៃទី​៣០ ខែកញ្ញា ​កម្លាំងទាហានArmenia បានប្រកាសថា ការប៉ះទង្គិចគ្នា ក្នុងរយៈពេល​៣ថ្ងៃកន្លងមកបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន​។​តាមការលើកឡើងរបស់កម្លាំងទាហាន Armenia បានបញ្ជាក់ថា មានទាហាន Azerbaijan ៧៩០នាក់ស្លាប់ ។ ចំណែក​ប្រទេស​Armenia​មានមនុស្ស៩០នាក់បានស្លាប់ផងដែរ​។ ក្រៅពីនេះក៏មានមនុស្ស ២០០នាក់ទៀតរងរបួស។ ប៉ុន្តែភាគី Azerbaijan មិនទាន់ប្រកាសពីចំនួនអ្នកស្លាប់និងរបួស ក្នុងការវាយប្រហារគ្នានោះទេ ។
សង្គ្រាមរវាង Armenia នឹង Azerbaijan បានផ្ទុះឡើងតាំងពីថ្ងៃទី ២៧ ខែកញ្ញា រហូត​មកទល់ពេលនេះ​ ។ នៅពេលនេះមេដឹកនាំប្រទេសទាំងពីរមិនទាន់​មានគម្រោងពិភាក្សាគ្នាបញ្ចប់សង្គ្រាមនោះឡើយ។ កន្លងមក អង្គការសហប្រជាជាតិ និង​រុស្ស៊ីបានអំពាវនាវឲ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម​។
សូមបញ្ជាក់ថា សង្គ្រាមវាយប្រហារគ្នា កើតឡើងដោយសារតែវិវាទនៅក្នុងតំបន់ Nagorno-Karabakh ដែលមានផ្ទៃដី៤.៤០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំ​ក្នុងប្រទេស Azerbaijan។ ប៉ុន្តែ មានពលរដ្ឋ Armenia ភាគច្រើនរស់នៅក្នុងតំបន់នោះ ។ តំបន់ Nagorno-Karabakh បានទាមទារគ្រប់គ្រងស្វ័យភាព ហើយដាក់ក្រោមការគ្រប់គ្រងរបស់Armenia។
សូមបញ្ជាក់ផងដែរថា តំបន់​ខាងលើ​ធ្លាប់ផ្ទុះសង្គ្រាម​ចាប់ពីខែ​កុម្ភៈ ឆ្នាំ​១៩៨៨ ដល់ខែឧសភា​ឆ្នាំ​១៩៩៤៕ដោយ៖ធី រីណា


ចែករំលែក៖