អន្តរជាតិ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ សារព័ត៌មានSputnik បានចុះផ្សាយថា៖ គម្រោងស្ថាបនាផ្លូវដែក ក្នុងទំហំទឹកប្រាក់ជាង២២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋអាឡាស្កា (Alaska) ទៅកាន់ខេត្តអាល់ប៊ឺតា (Alberta) នៃប្រទេសកាណាដា ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តហើយលើគម្រោងផ្លូវដែកមួយនេះ។
ការអនុញ្ញាតឱ្យលើការសាងសង់ផ្លូវដែកនេះ ត្រូវបានប្រកាសដោយសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ដោយគម្រោងស្ថាបនាផ្លូវដែកខាងលើដែលមានប្រវែងសរុប ២,៥៧០គីឡូម៉ែត្រនោះត្រូវបានគេរំពឹងថា អាចនឹងជួយសម្រួលដល់ការដឹកជញ្ជូនប្រេង និងទំនិញនានា ព្រមទាំងអ្នកដំណើរផងដែរ ឱ្យកាន់តែមានភាពងាយស្រួល នៅតំបន់ព្រំដែនអន្តរជាតិនៃសហរដ្ឋអាមេរិកនិងប្រទេសកាណាដា។
បើតាមការអះអាងពីសេតវិមានអាមេរិក បានបញ្ជាក់ទៀតថា ការស្ថាបនា, ការតភ្ជាប់ និងការធ្វើប្រតិបត្តិការនៃផ្លូវដែកនេះ នឹងត្រូវស្ថិតនៅក្រោមការធ្វើអធិការកិច្ចដោយអ្នកតំណាងមកពីរដ្ឋាភិបាលសហព័ន្ធ, រដ្ឋ និងទីភ្នាក់ងារក្នុងតំបន់។ គម្រោងស្ថាបនាផ្លូវដែកពីរដ្ឋអាឡាស្កា ទៅខេត្ត Alberta ស្ថិតនៅក្រោមការដឹកនាំដោយក្រុមហ៊ុនអាមេរិក AARDC (Alaska to Alberta Railway Development Corporation)៕
ដោយ៖ស តារា