អន្តរជាតិ៖ សំណុំរឿងកូនស្រីលួចលាក់របស់ស្ដេចបែលហ្ស៉ិក ផ្ទុះឡើងនៅឆ្នាំ១៩៩៧ ពេលដែលនាង Delphine Boel ត្រូវបានអះអាងថា ជាកូនស្រីរបស់ស្ដេច Albert II ។ រហូតទើបដល់ឆ្នាំ២០១៩ ប៉ុណ្ណោះ ដែលតុលាការសម្រេចឲ្យមានការធ្វើតេស្ត DNA ដើម្បីរកការពិត។ បន្ទាប់ពីឈ្នះក្ដីដ៏យូរអង្វែងមួយនេះ វិចិត្រករគំនូរម្នាក់គឺនាង Delphine Boel វ័យ៥២ឆ្នាំបានក្លាយជាព្រះនាងរបស់ប្រទេសតំបន់អឺរ៉ុបមួយនេះ។
បើតាមការបញ្ជាក់របស់លោក Marc Uyttendaele ដែលជាមេធាវីរបស់លោកស្រី Delphine Boel បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានAFP ថាបន្ទាប់ពីតុលាការទីក្រុងព្រុចសែលឯកភាពលើលទ្ធផលធ្វើតេស្ត DNA រវាងនាង និងអតីតមហាក្សត្របែលហ្ស៊ិកស្ដេចAlbert II នៅថ្ងៃទី១ ខែតុលាឆ្នាំ២០២០ ទើបដឹងការពិត «តុលាការបញ្ជាក់ថា ស្ដេច Albert II ពិតជាឪពុកនាងមែន។» ។ ជាមួយគ្នានោះ តុលាការបែលហ្ស៊ិក ក៏បានយល់ព្រមតាមសំណើផ្សេងទៀតរាប់ទាំងការទទួលបានការយកចិត្តទុកដាក់ដូចបុត្រាបុត្រីឯទៀតដែរ។
សូមជម្រាបថា ការសម្រេចរបស់តុលាការទីក្រុងព្រុចសែល ទំនងជាបញ្ចប់សំណុំរឿងមិនទទួលស្គាល់ខ្លួនឯងរបស់អតីតប្រមុខរដ្ឋបែលហ្ស៊ិកដែលបានដាក់រាជ្យកាលពីឆ្នាំ២០១៣ ។
បច្ចុប្បន្ននាង Delphine Boel នឹងក្លាយទៅជាព្រះនាង Delphine Saxe-Cobourg នៃរាជាណាចក្របែលហ្ស៊ិក ។ខណៈដែលមហាក្សត្របែលហ្ស៊ិកសព្វថ្ងៃ Phillip ជាបុត្រាស្របច្បាប់របស់ទ្រង់ Albert II នឹងក្លាយជាព្រះរាមរបស់ព្រះនាងថ្មី៕ដោយ៖ស តារា