ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ បានអញ្ជើញភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកដែលស្រឡាញ់វិស័យកីឡាអុកចត្រង្គ ប្រមាណជាង ៣០នាក់ មកពី២៤ខេត្ត ក្រុង ដើម្បីមកទទួលចំណេះដឹងថ្មីៗ ពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ នៅពហុកីឡដ្ឋានជាតិ។
បើតាមលោក សារី វាសនា អ្នកសម្របសម្រួលវគ្គបាននិយាយថា ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងដោយបានទទួល ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ ដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងដឹកនាំបង្ហាត់ដោយលោក ហូយ សូណា ជាគ្រូឧទ្ទេស និងលោក យិន គាសេង ជាគ្រូជំនួយ និងលោក ទុយ វិច្ឆិកា ជាអ្នកគ្រប់គ្រង។
លោកបានបញ្ជាក់ថា រយៈពេល០៥ថ្ងៃនេះ អ្នកជំនាញកីឡាអុកចត្រង្គ នឹងចែករំលែកអំពី បុគ្គលលក្ខណៈជាគ្រូបង្វឹក លក្ខខណ្ឌនៃការលេងអុក ក្បួន និងយុទ្ធសាស្រ្តនៃការលេងអុក ចែករំលែកបទពិសោធន៍នៃការលេងអុក ការគ្រប់គ្រង និងការចល័តកូនអុក វិន័យ និងការទទួលខុសត្រូវរបស់គ្រូ គរុកោសល្យរបស់គ្រូ ការស្រាវជ្រាវ និងការអភិវឌ្ឍ ការលើកទឹកចិត្ត និងផែនការបង្រៀន និងការពិនិត្យតាមដាន៕
ដោយ៖ សិលា