ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនចំនួន ១០%លើពិភពលោក អាចនឹងឆ្លងជំងឺកូវីដ-១៩ ,នេះបើតាមសារព្រមានធ្ងន់ៗរបស់ WHO

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការប៉ាន់ស្មានដោយក្រុមជំនាញនៃអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា៖ មនុស្សម្នាក់ក្នុងចំណោម១០នាក់ ១០% នៃចំនួនប្រជាជន នៅទូទាំងពិភពលោក .៨ពាន់លាននាក់ អាចនឹងឆ្លងជំងឺ COVID-19 នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតលោក ម៉ៃខឺលរីយ៉ាន (Michael Ryan) ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃWHO កាលពីថ្ងៃចន្ទទី៥ ខែតុលា ម្សិលមិញនេះ

បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik បានដកស្រង់ចេញផ្សានាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាអង្គការ WHO លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់ថា តួលេខនៃចំនួនអ្នកឆ្លងរវាងទីក្រុង និងតំបន់ជនបទមានភាពខុសគ្នា។យ៉ាងណាមិញអត្រាឆ្លងខ្ពស់បានចង្អុលបង្ហាញថា ប្រជាជនភាគច្រើននៅជុំវិញពិភពលោកនៅតែប្រឈមនឹងហានិភ័យខ្ពស់ដដែល។

លោកវេជ្ជបណ្ឌិតរូបនេះ ក៏បានសង្កត់ធ្ងន់ថា ករណីឆ្លងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងមេឌីទែរ៉ាណេភាគខាងកើតកំពុងតែបន្តកើនឡើងខណៈដែលស្ថានភាពនៅទ្វីបអាហ្វ្រិក និងតំបន់ប៉ាស៊ីហ្វិកខាងលិចមានសភាពល្អប្រសើរជាង តែទោះជាយ៉ាងណាក៏ដោយស្ថានភាពទូទៅនៅជុំវិញពិភពលោកបាននឹងកំពុង ដើរទៅរកតំណាក់កាលដ៏លំបាក។ ជាមួយគ្នានោះបណ្ឌិត Michael Ryan មិនបានបញ្ជាក់ច្បាស់លាស់ថា តើតួលេខខាងលើត្រូវបានគណនាយ៉ាងណានោះទេ។

ចំណែកវេជ្ជបណ្ឌិតលោកស្រី ម៉ាហ្គារែត ហារីស (Margaret Harris) ដែលជាអ្នកនាំពាក្យរបស់ WHO បានឲ្យដឹងថា ការប៉ាន់ស្មានខាងលើគឺគិតតាមកម្រិតមធ្យម ដែលផ្អែកលើការសិក្សាធ្វើឡើងនៅជុំវិញពិភពលោក។លោកស្រី Margaret Harris បាបន្ថែមទៀតថាវីរុសដ៏កាចសាហាវនេះនៅតែមានឱកាសបន្តរីករាលដាល ប្រសិនបើយើងគ្មានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់វាទេនោះ។

ដោយឡែកលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភព ទាក់ទិននឹងបញ្ហាខាងលើក៏បានគូសបញ្ជាក់ថា អ្វីដែលយើងបានរៀនពីគ្រប់តំបន់ទាំងអស់នៅជុំវិញពិភពលោកបានបង្ហាញថា «ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងការប្រាស្រ័យទាក់ទងគា្នជាប់លាប់» យើងនៅតែអាចគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 លោកTedros បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតបានបង្ហាញពីសារៈសំខាន់ នៃការវិនិយោគបន្ថែមលើវិស័យសុខភាពសាធារណៈ និងការថែទាំសុខភាពជាបឋម។

បើតាមទិន្នន័យចុងក្រោយរបស់សាកលវិទ្យាល័យ ចនស៍ ហបឃីនស៍(Johns Hopkins) ក៏បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 អាចមានច្រើនជាង ៣៥លានករណី និងចំនួនមនុស្សស្លាប់ក៏អាចមានច្រើន ១លាននាក់ផងដែរ ក្នុងនោះប្រទេសដែលមានករណីឆ្លងច្រើនជាងគេរួមមានសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ី កូឡុំប៊ី និងប៉េរូ៕ដោយ៖សតារា


ចែករំលែក៖