ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សាលើការ«ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ»

ចែករំលែក៖

ភ្នំពេញ៖ «ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ»គឺជាប្រធានបទនៃកិច្ចពិភាក្សា និងវាយតម្លៃរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងទិសដៅការងារបរិស្ថាន ឆ្នាំ ២០២១ ដែលប្រារព្ធបើកនាថ្ងៃអង្គារ ៤ រោច ដល់ថ្ងៃពុធ ៥ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទិ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋានជាច្រើននាក់។
លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងន័យរក្សាឱ្យបាននូវតុល្យភាពទាំងការអភិរក្ស និងការអភិវឌ្ឍ កាត់បន្ថយសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិនិងជីវៈចម្រុះ ក៏ដូចជាការជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិនីមួយៗ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ នឹងផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកចូលរួមទាំងអស់ ដែលជាអ្នកការពារ ថែរក្សា បរិស្ថាន និងធនធានធម្មជាតិ រួមគ្នាគិតនិងរួមគ្នាធ្វើសកម្មភាពឱ្យបានព្រមគ្នា ដើម្បីជំរុញកិច្ចការពារនិងថែរក្សាប្រព័ន្ធតំបន់ការពារធម្មជាតិឱ្យបានកាន់តែប្រសើរក្នុងគោលដៅធានាគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធសេវាកម្មអេកូឡូស៊ី និងការរស់នៅប្រកបដោយភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់ជំនាន់ ទាំងក្នុងក្របខណ័្ឌសង្គមជាតិ និងសកលលោក។

នៅក្នុងឱកាសនេះ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងបរិស្ថានកំណត់ទស្សនៈវិស័យគ្រប់គ្រងព្រៃឈើរយៈពេលវែង តាមរយៈ «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីវិស័យព្រៃឈើ នៅកម្រិត ០% មុនឆ្នាំ២០៤០» ដោយឈរលើការអនុវត្តទិសដៅជាយុទ្ធសាស្រ្តចំនួន ៣គឺ៖
១. ធានាបាននូវតុល្យភាពរវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើ
២. បង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការអាស្រ័យផលពីព្រៃឈើ និង
៣. ពង្រឹងប្រភពផ្គត់ផ្គង់ផលិតផលឈើ និងឈើថាមពលចេញពីចម្ការឈើដាំ ដោយត្រូវការពារព្រៃធម្មជាតិ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងអនុវត្តគម្រោងរេដបូក (REDD+) ចំនួនបីកន្លែងគឺ៖ ១. នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ដលគិរី ២. នៅដែនជម្រកសត្វព្រៃទ្បង់ ខេត្តស្ទឹងត្រែង និង ៣. នៅតំបន់ឧទ្យានជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងកោះកុង។

ជាមួយគ្នានេះ លោក ស្រ៊ុន ដារិទ្ធិ បានលើកទឹកចិត្តឱ្យអ្នចូលរួមទាំងអស់ក្នុងវេទិកានាពេលនេះ សិក្ខាសាលានាដែលនឹងប្រព្រឹត្តទៅពីរថ្ងៃនេះ ជាឱកាសសម្រាប់អ្នកចូលរួមទាំងអស់ លើកយកបទពិសោធន៍ និងបញ្ហាប្រឈមនានា មកពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ដើម្បីបន្តរួមគ្នារកធាតុចូលសំខាន់ និងជាគន្លឹះ សម្រាប់ដាក់ចេញជា យុទ្ធសាស្រ្តរួមក្នុងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជាឧត្តមប្រយោជន៍ជូនដល់ប្រទេសជាតិ និងសកលលោកទាំងមូលផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី «ការពង្រឹងការអភិរក្សនិងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ» សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២០ ដោយពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅតាមប្រព័ន្ធភូមិសាស្រ្តនៃតំបន់ការពារធម្មជាតិ ដែលក្នុងនោះរួមមាន៖ ១.ការអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ, ២.ការអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប, ៣.ការអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប, ៤.ការអភិរក្សតំបន់ដីសើមទឹកសាប, ៥. ការអភិរក្សតំបន់ឆ្នេរ និងសមុទ្រ និង៦.ការពង្រឹងអនុវត្តច្បាប់ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សម្រាប់ដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖