អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសឲ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានត្រៀមរួចរាល់សម្រាប់ចុងឆ្នាំ២០២០នេះ ។
អគ្គនាយកWHO បានបញ្ជាក់ថា «យើងត្រូវការវ៉ាក់សាំង ហើយចុងឆ្នាំនេះយើងនឹងមានវ៉ាក់សាំង ប្រើប្រាស់»។ អគ្គនាយកWHO មិនបានបញ្ជាក់បន្ថែមជុំវិញវ៉ាក់សាំងដែលWHO កំណត់ប្រើប្រាស់នោះឡើយ។
នៅពេលនេះមានវ៉ាក់សាំងដល់ទៅ៩ប្រភេទកំពុងតែត្រូវបានដាក់បង្ហាញនៅទីតាំងវ៉ាក់សាំងពិភពលោក COVAX របស់ WHO ដើម្បីត្រៀមចែកចាយដល់ពលរដ្ឋ ២ពាន់លាននាក់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២១។ អគ្គនាយកWHO បានអំពាវនាវឲ្យមានសាមគ្គីភាពរវាងថ្នាក់ដឹកនាំនៅលើពិភពលោកដើម្បីធានាដល់ការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាព។
កិច្ចប្រជុំរបស់ WHO មានរយៈពេល២ថ្ងៃដើម្បីវាយតម្លៃពីការទប់ស្កាត់កូវីដ-១៩នៅលើពិភពលោក ។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអំពាវនាវពីបណ្តាប្រទេស ក្នុងនោះមាន អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ស្តីពីការកែទម្រង់ ពង្រឹងអង្គការសុខភាពពិភពលោក។
រដ្ឋាភិបាលអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោកពាក់ព័ន្ធវិបត្តិកូវីដ-១៩ នៅលើពិភពលោក។ អាមេរិកចោទថា WHO គាំទ្រខាងចិនក្នុងករណីឆ្លងរាលដាលកូវីដ-១៩។
គិតមកដល់ម៉ោង៨ព្រឹកថ្ងៃទី៧ ខែតុលា តាមគេហទំព័រ Worldometer បានផ្សាយថា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង៣៦លាននាក់ ស្លាប់ជាង១លាននាក់ និងព្យបាលជាសះស្បើយ កើនឡើងជាង ២៧,១លាននាក់៕
ដោយ៖ធី រីណា