ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ខណៈកម្ពុជានឹងរងសម្ពាធនៃខ្យល់ព្យុះ ( Tropical Storm) ដែលបច្ចុប្បន្នបានបក់មកដល់ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងមកដល់កម្ពុជានៅល្ងាចថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទន្លេ ឬក្បែរផ្លូវទឹក មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំងដែលជាឥទ្ធិពលនៃខ្យល់ព្យុះនេះ។ លោកបន្តថា៖ សម្តេចតេជោ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់កុំមានការធ្វេសប្រហែស ដោយខិតខំធ្វើយ៉ាងណាទប់រក្សាស្តុកទឹកភ្លៀង ត្រៀម បង្ការ ក្នុងករណីដែលខែបន្តបន្ទាប់ មិនមានភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម និងការស្រោចស្រពដំណាំនានា ។
លោក ហ៊ុន ម៉ានី ថ្លែងបន្តថា៖ ក្នុងនាមជាប្រមុខរដ្ឋាភិបាល ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានសរបញ្ជាក់ពីភាពម៉ត់ចត់ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋ និងការគិតគូរគ្រប់ពេលវេលាក្នុងការជំរុញផលិតភាពនៃវិស័យកសិកម្ម ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។ លើសពីនេះទៀត ការអំពាវនាវនេះដែរ ក៏ឆ្លុះបញ្ចាំងពីការគិតគូរចំពោះសុខទុក្ខរបស់ជនរួមជាតិខ្លួន ក្នុងនាមសម្តេចផ្ទាល់ ដែលសម្តេចតែងនៅជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាកទាំងអស់៕
ដោយ៖ សុខ ខេមរា