ខេត្តកណ្តាល៖ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ លោក នុត ពុធដារ៉ា បានលើកឡើងថា ៖ គ្រោះមហន្តរាយវាតែងកើតមានឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យ យើងត្រូវតែត្រៀមលក្ខណៈក្នុងការឆ្លើយតបជាប្រចាំ បើមិនដូច្នោះទេនោះ ការឆ្លើយតប និងការសង្គ្រោះពិតជានឹងយឺតយ៉ាវជាក់ជាមិនខាន។
លោកបន្តថា យើងត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយ សរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ។
លោកបន្ថែមថា មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈ ក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តខេត្តកណ្តាលទាំងមូល។ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ អោយបានទាន់ពេលវេលា។
លោកបានបញ្ជាក់ថា គោលបំណង នៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ បង្ការ និងជួយសង្រ្គោះ និងត្រូវមានសម្ភារ និងស្បៀងនៅពេលមានគ្រោះ មហន្តរាយកើត ឡើងភ្លាមៗ នៅមូលដ្ឋាន។
លោកអភិបាលរងខេត្តកណ្ដាល បានស្នើដល់គ្រប់បណ្ដាក្រុងស្រុក ត្រូវរៀបចំបិទស្លាកប៉ាដា ស្ដីពីការប្រារព្វទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្របតាមអនុក្រឹត្យលេខ ១៧៥ អនក្រ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សិលា