តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិអាមេរិកបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មុនកំណត់បានចាប់ផ្តើមដោយមានចំនួនពលរដ្ឋចូលរួមយ៉ាងច្រើន ។ រូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋឈរតម្រង់ជួររង់ចាំបោះឆ្នោតយ៉ាងវែងបំផុតមិនធ្លាប់មានពីមុនមក ដោយពលរដ្ឋតម្រង់ជួរដល់ទៅ១១ម៉ោងទើបបានចូលទៅបោះឆ្នោត ។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតមកដល់ថ្ងៃទី១៤ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ១១លាននាក់បានបំពេញតួនាទីរបស់ខ្លួនគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតី មុនពេលកំណត់ ។ ការបោះឆ្នោតជាផ្លូវការចុងក្រោយបំផុត គឺនៅថ្ងៃទី៣ ខែវិច្ឆិកា។
ម្ចាស់បណ្តាញសង្គម Twitter ឈ្មោះ Johnta Austin ក្នុងទីក្រុង Atlanta បានលើកឡើងថា គាត់ត្រូវឈរតម្រង់ជួរដល់ទៅ១១ម៉ោងទើបបានទៅចូលរួមបោះឆ្នោត ។ ចំណែកគណនីស្ត្រីម្នាក់ទៀតក៏បានលើកឡើងថា បានតម្រង់ជួរដល់ទៅ៨ម៉ោង ។
នៅក្នុងទីក្រុង Smyrna រដ្ឋ Georgia ពលរដ្ឋម្នាក់បានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គមថា ពលរដ្ឋឈរតម្រង់ជួរយ៉ាងឆ្ងាយ ឆ្លងផុតផ្ទះប៉ុន្មានខ្នង ហើយមានការអត់ធ្មត់យ៉ាងខ្លាំង ទើបអាចរង់ចាំទៅបោះឆ្នោតបាន។ការតម្រង់ជួរឆ្ងាយដោយសារតែឈរគម្លាតពីគ្នាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ នៅទីតាំងបោះឆ្នោត គឺមានការធានា ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយអ្នកទៅបោះឆ្នោតត្រូវពាក់ម៉ាស់៕ដោយ៖ធី រីណា