ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖..ពេលពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ ហ៊ុន សែន.!

ចែករំលែក៖

ភ្នំពេញ៖ វាមិនមែនជារឿងចម្លែកទេដែលបុរសម្នាក់ឈ្មោះ ហ៊ុន សែន បាន បូជាជីវិតរបស់ខ្លួនជិត៥០ឆ្នាំហើយ ដើម្បីប្រទេសជាតិនិងប្រជាជនដ៏កំសត់របស់គាត់។ ក្រោយពីប្រើជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសឲ្យរួចផុតពីរបបវាលពិឃាតខ្មែរក្រហម ដោយសង្គ្រោះជីវិតពលរដ្ឋខ្មែរជាច្រើនលាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់ បុរសម្នាក់នេះក៏នៅ បានបន្តយកទ្រូងពាំងការពារកុំឲ្យរបបដ៏សាហាវយង់ឃ្នងនេះវិលត្រឡប់មកវិញបានទៀត។
ទន្ទឹមនឹងនោះគាត់ក៏ជាស្ថាបនិកកសាងសន្តិភាពជូនកម្ពុជាតាមរយៈទស្សនៈវិជ្ជា នយោបាយ «ឈ្នះឈ្នះ» រហូត ពលរដ្ឋខ្មែរបានស្គាល់សុខ សន្តិភាពនិងភាពសម្បូរសប្បាយដូចសព្វថ្ងៃដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ទោះបីជាប្រទេសជាតិបានសុខ សន្តិភាព ប្រជាពលរដ្ឋបានសុខសប្បាយ និងមានជីវភាពធូរធាបែបនេះក៏ដោយ ក៏មេដឹកនាំខ្មែរម្នាក់នេះនៅតែជាបុគ្គលឈានមុខគេបង្អស់ ក្នុងការការពារភាពសុខសានរបស់ ប្រជាជននិងខ្វល់ខ្វាយ ដោះស្រាយបញ្ហាជូនប្រជាជនជារៀងដរាប។
ជាក់ស្តែង ក៏ដូចជាលើកមុនៗដែរ នៅពេលដែលប្រទេសជាតិជួបគ្រោះធម្មជាតិទឹកជំនន់ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ គឺបុរសឈ្មោះ ហ៊ុន សែន ដដែលនេះដែលជាអ្នកចេញមុខដោះស្រាយបញ្ហាគ្រប់យ៉ាងជូនប្រជាពលរដ្ឋ។ មិនថាថ្ងៃឬយប់ឡើយ គាត់តែង តែតាមដានសភាពការណ៍ជាប់ជាប្រចាំដោយមិនគិតពីពេល វេលាសម្រាកផ្ទាល់ខ្លួនឡើយ។
គឺមេដឹកនាំរូបនេះហើយដែលជាអ្នកបញ្ជាទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចេញធ្វើ សកម្មភាពតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពី ទឹកជំនន់។ គឺបុរសម្នាក់នេះហើយដែលជាអ្នកដឹកនាំបញ្ជាឲ្យប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋ។ គឺបុរសម្នាក់នេះហើយដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានតែងតែមានការជឿជាក់និងទុកចិត្តបំផុតហើយផ្តល់នូវវិភាគទានជាថវិកា សម្ភារៈនិងស្បៀងដើម្បីយកទៅជួយប្រជាពលរដ្ឋជាទីស្រឡាញ់របស់ខ្លួនដោយមិនគិតអំពីនិន្នាការនយោបាយ។
គឺបុរសម្នាក់នេះហើយដែលតែងតែមូដៃអាវ លាត់ជើងខោ ដើរ លុយទឹកជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ គឺបុរសម្នាក់នេះហើយដែលតែងតែបង្ហាញក្តីស្រឡាញ់ ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ អាជីវករ កសិករ កម្មករ កម្មការិនី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រៀបដូចជាកូនចៅសាច់ឈាមរបស់ខ្លួន។
ចាប់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន បានចេញមុខដោយមិនខ្លាចការប្រឈមជាមួយជំងឺ កូវីដ-១៩ ដើម្បីការពារប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា កុំឲ្យឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។ គាត់គឺជាតួឯកដែលសារព័ត៌មានអន្តរជាតិនានាបានលើកទៅនិយាយដោយសារតែគាត់បាន បង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាតូចមែនពិតតែកម្ពុជាមាន បេះដូងធំទូលាយដែលប្រទេសធំៗខ្លះធ្វើមិនបាន។
កម្ពុជាជាប្រទេសដែលអ្នកខ្លះមើលស្រាលថា មានប្រព័ន្ធសុខាភិបាលទន់ខ្សោយពិបាកក្នុងការទប់ទល់ជាមួយកូវីដ-១៩។ ប៉ុន្តែនៅទីបំផុតកម្ពុជាបានក្លាយជាគំរូដែល បណ្តាប្រទេសធំៗនិងជឿនលឿនត្រូវរៀនសូត្រតាមពីព្រោះរហូតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងតិចតួចបំផុត ហើយភាគច្រើនលើសលប់គឺជាករណីនាំចូលពីខាងក្រៅ។ ក្នុងចំណោមអ្នកឆ្លងទៀតសោតបសុទ្ធតែបានជាសះស្បើយឡើងវិញស្ទើរតែ ១០០% ដោយគ្មានពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើយរហូត មកទល់ពេលនេះ។ នេះគឺជាលទ្ធផលនៃភាពប៉ិនប្រសប់របស់មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន។
ក្រៅពីការទប់ទល់កុំឲ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ នាយករដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកា រាប់រយលានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដែលទទួលរងផល ប៉ះពាល់ដោយសារកូវីដ ១៩ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយសម្រាលជីវភាពរបស់ ពួកគេ។ មិនតែប៉ុណ្ណោះ បុរសឈ្មោះ ហ៊ុន សែន ក៏ជាអ្នក ចេញមុខបំផុសចលនា ប្រជាពលរដ្ឋឲ្យផ្លាស់ប្តូរឥរិយាបថ ប្តូរទម្លាប់ និងការងារ ក្នុងពេលកើតមាន កូវីដ-១៩ ដើម្បីដោះស្រាយជីវភាពរបស់ខ្លួនផងដែរ។
ដៃម្ខាងទប់ទល់កុំឲ្យកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ដៃម្ខាងទៀត ដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ បញ្ហាសុខាភិបាលរហូតទទួលបាន ជោគជ័យគួរជាទីមោទនៈ។
ឥឡូវនេះ ដល់ពេលដែលត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងទៀត។ តើនរណាដែលហត់នឿយដូចគាត់? តែគាត់ មិនដែលត្អូញត្អែរឡើយ។ តើនរណាដែលខ្វល់ខ្វាយពីសុខទុក្ខ របស់ពលរដ្ឋដូចរូបគាត់? តែគាត់ មិនដែលអួតអាងថាជាជើងឯកខាងសិទ្ធិមនុស្សឡើយ។ តើនរណាដែលហ៊ានយកជីវិតធ្វើជាដើមទុនដើម្បីប្រទេសជាតិ និងប្រជាជនដូចរូបគាត់? តែគាត់ មិនដែលអួតអាងថា ជា អ្នកស្នេហាជាតិឡើយ។ តើនរណាដែលហ៊ានចេញមុខការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិយ៉ាងប្តូរផ្តាច់ដូចគាត់? តែគាត់មិនដែលចាត់ទុកខ្លួនជាអ្នកស្រឡាញ់ជាតិជាងអ្នកដទៃឡើយ។
យើងសាកល្បងបែរភ្នែកក្រឡេកមើលក្រុមដែលអះអាងថា ជាអ្នកស្នេហាជាតិ ជាជើងឯកខាងប្រជាធិបតេយ្យ និងបិតា សិទ្ធិមនុស្សវិញម្តង ! តើពួកគេនៅឯណាពេលដែល ប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា ស្លាប់ស្ទើរផុតពូជក្នុងរបបប៉ុលពត? តើពួកគេនៅឯណាពេលប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងបញ្ហាកូវីដ ១៩? តើពួកគេ នៅឯណានៅពេលដែល ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់? តើពួកគេបានធ្វើអ្វីខ្លះដើម្បីជួយ សម្រាលទុក្ខប្រជាពលរដ្ឋរងគ្រោះ?
ក្នុងស្ថានភាពលំបាកលំបិន បែបនេះគេមិនដែលបានឃើញវត្តមានរបស់ក្រុមនោះចេញមុខជួយប្រជាពលរដ្ឋឡើយ គឺមានតែជួយជាន់ពន្លិច។
ពេលពលរដ្ឋខ្មែរជិតស្លាប់ក្នុងរបបខ្មែរក្រហម ពួកគេសម្ងំសោយសុខនៅឯបរទេស ឬអ្នកខ្លះបានរស់ដោយសារ ស្នាដៃគណបក្សប្រជាជនកម្ពុជា តែបែរជាធ្វើភ្លេចជាតិកំណើត។ ពេលពលរដ្ឋប្រឈមនឹងបញ្ហាកូវីដ ពួកគេបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំភិតបំភ័យធ្វើ ឲ្យសង្គមជ្រួលច្របល់និងអង្គុយចាំបន្ទោស។ ពេលពលរដ្ឋរងគ្រោះដោយទឹកជំនន់ ពួកគេឈរឱបដៃមើលហើយស្រែក បន្ទោសអាជ្ញាធររដ្ឋាភិបាលរឿងទឹកលិច រឿងសំរាម និងរឿងខូចផ្លូវដោយសារទឹកជំនន់ ឬរឿងបាត់បង់ការងារខ្លះដោយសារកូវីដ-១៩។ ពួកគេយករូបថតនៅស្រុកគេមកបង្ហោះ ឬក៏យកឃ្លីបវីដេអូចាស់ដូចជាវីដេអូរបស់នាង ធី សុវណ្ណថា តាំងពីច្រើនឆ្នាំមកហើយនោះមកបង្ហោះឡើងវីញដើម្បី បំភាន់និងបំពុលសង្គម។
គេក៏មិនដែលលឺក្រុមនោះប្រកូកប្រកាសរៃអង្គាសប្រាក់ ដើម្បីជួយប្រជាពលរដ្ឋរបស់ខ្លួនឡើយ តែបើរៃអង្គាសស្រោម សំបុត្រដើម្បីដាក់ហោប៉ៅផ្ទាល់ ខ្លួនក្រោមលេសនយោបាយ គឺពួកគេតែងតែធ្វើជាញឹកញាប់។ បើនិយាយអោយចំ គឺគ្មានជំនួយសូម្បីតែមួយកញ្ចប់ គ្មានថវិកា សូម្បីតែមួយរៀល គ្មានទឹកចិត្តសូម្បីតែប៉ុនសរសៃសក់ ដើម្បីជួយប្រជាពលរដ្ឋឡើយ។ នេះហើយសារជាតិក្រុមប្រឆាំងជ្រុលនិយម។
សរុបមកវិញ មានតែមេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន ទេ ដែលជាអ្នកដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈដ៏លំបាកដូចជា ពេលប្រជាពលរដ្ឋជួបបញ្ហាកូវីដ-១៩ និងបញ្ហាទឹកជំនន់ជាដើម។ គេអាចនិយាយបានថា «ពេលពលរដ្ឋមានទុក្ខ មានមុខ ហ៊ុន សែន»។ នេះគឺជាសច្ចៈភាពដែលគ្មាននរណាអាចប្រកែក បានឡើយ ហើយវាក៏ជា ហេតុផលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងការគាំទ្រមេដឹកនាំ ដែលមិនចេះនឿយណាយក្នុងការជួយប្រជាពលរដ្ឋរូបនេះឲ្យដឹកនាំប្រទេសជារៀងរហូតមក និងបន្តដឹកនាំតទៅថ្ងៃមុខទៀត៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ


ចែករំលែក៖