ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលី​ស្វាគមន៍អ្នកទេសចរដំបូងបង្អស់​ក្រោយគ្រប់គ្រងស្ថានភាពបាន​ល្អ

ចែករំលែក៖

អូស្ត្រាលី​បានស្វាគមន៍អ្នកទេសចរដំបូងគេបង្អស់ចាប់តាំងពី​ការផ្ទុះកូវីដ​-១៩ ហើយបានបិទព្រំដែន តាំងពីខែមីនា មកទល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ ប៉ុន្តែនៅពេលនេះ​បានគ្រប់គ្រង​ទាំងស្រុងហើយ ទើបអូស្រ្តាលីសម្រេច បើកទ្វារដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិវិញ។
កាលពីថ្ងៃទី​១៦ខែតុលា អ្នកទេសចរ មកពីប្រទេស នូវែលហ្សេឡង់ ២៣០ នាក់ បានទៅដល់ អាកាសយានដ្ឋានអន្តរជាតិទីក្រុង​ស៊ីដនី​ ប្រទេសអូស្ត្រាលី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ​។ ប៉ុន្តែអ្នកទេសចរទាំងនោះ បានត្រឹមតែទស្សនកិច្ច នៅក្នុងរដ្ឋ New South Wales និងតំបន់ភាគខាងជើងអូស្ត្រាលី រួមទាំង រដ្ឋធានី Canberra ។
ប៉ុន្តែក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសនូវែលហ្សេឡង់វិញ​គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល​។ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា ​នេះជាជំហានវិជ្ជមានថ្មីក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ លោកបន្តទៀតថា«ពិតជារឿងមួយដ៏ប្រសើរបំផុត​ ដែលយើងបានស្វាគមន៍អ្នកទេសចរបរទេសដំបូងគេបង្អស់»។ លោកបន្តទៀតថា ការធ្វើដំណើរក្នុងដំណាក់កាលកូវីដ-១៩​គឺត្រូវតែធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព​។
នៅព្រឹកថ្ងៃទី​១៧ខែតុលា មន្ទីរសុខាភិបាល រដ្ឋ Victoria បានប្រកាសថា ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ក្នុងរដ្ឋនេះរកឃើញករណីឆ្លងថ្មីតែ​២នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ថ្មីនោះឡើយ។នេះជាចំនួនអ្នកឆ្លងទាបបំផុត​ក្នុងរយៈពេល​៤ខែកន្លងមក​នៅ​ ក្នុង​រដ្ឋ​នេះ​។ ក្នុងរយៈពេល​២សប្តាហ៍ កន្លងមក​មានករណីឆ្លងកូវីដ​-១៩​ ក្នុងរដ្ឋនេះ​មាន​៧-៨នាក់តែប៉ុណ្ណោះ ។
អំពីបញ្ហាសេដ្ឋកិច្ច ក្នុងដំណាក់កាលឆ្នាំ​២០១៩-២០២០ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ធ្វើឲ្យ មូលនិធិក្នុងរដ្ឋ​​Victoria បាត់បង់ដល់ទៅ​៦,៥ពាន់លានដុល្លារអូស្ត្រាលី ។ចំណែកបំណុលក៏បានកើនឡើងបន្ថែម​១៨,៨ពាន់លានដុល្លារ​។
ឆ្លងកាត់ការឆ្លងលើកទីមួយនិងទីពីរ ​អូស្ត្រាលីមានករណីឆ្លងសរុប 27.371 នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយជាង​ 24.900 នាក់​ និងស្លាប់​៩០៤នាក់ផងដែរ​។ ដោយឡែកក្នុងរដ្ឋ​Victoriaជាទីកន្លែង រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លង លើកទីពីរច្រើនបំផុត គឺមានដល់ទៅ20.300 នាក់និងស្លាប់​៨១៦នាក់៕ដោយ៖ធី រីណា


ចែករំលែក៖