ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងដោយសារតែម៉ូតូមួយគ្រឿងបើកវ៉ាជែងទៅប៉ះរថយន្តកាមរីបាឡែនរួចខ្ទាតចូលក្រោមរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀតម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះបណ្ដាលឱ្យកិនស្លាប់ម្នាក់និង រងរបួស៦នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសជិះម៉ូតូដែលស្លាប់មានឈ្មោះជុំ ពុទ្ធោ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកYAMAHA អុិចស្ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បានខូចខាតយ៉ាងដំណំ។
ចំណែកម្ចាស់រថយន្តកាមរីបាឡែនឈ្មោះ យ៉ន ផាន្នីដេត ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងមិនមានរងរបួសនោះទេ។
ចំពោះរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះដែលរងរបួស៦នាក់មានឈ្មោះ១-ទេព ចាន់រាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិអូមអាម ឃុំព្រះពន្លា ស្រុកកំពង់រោទ៍, ២-ឈ្មោះ រិន លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (របួសស្រាល ), ៣- ឈ្មោះ សូ ណាន់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំយោង ឃុំសំយោង (របួសស្រាល), ៤.ឈ្មោះ ខាន់ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ (របួសស្រាល),
៥.ឈ្មោះ ខៀវ រ៉ាវុធ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឫស្សីលៀប ឃុំសំយោង (របួសស្រាល)និង៦-ឈ្មោះ ជា អ៊ុក ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប (របួសស្រាល)ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA អុិចស្ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅពីកើតទៅលិចដោយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅប៉ះនឹងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនស្របទិសគ្នា រួចក៏ដួលខ្ទាតចូលរថយន្តដឹកកម្មករ ម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង៣A-៥១៥៧ក្នុងទិសដៅបញ្ច្រាសគ្នាបុកបន្ថែមទៀតបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចប្បន្នកម្មករប្រុសស្រីទាំង៦នាក់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ។ចំពោះអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើការវាស់វែងអូសយកវត្ថុតាងទាំង៣គ្រឿងមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីរក្សាទុកដោះស្រាយពេលក្រោយ៕ យឹម សុថាន