ក្រុមហ៊ុនថាមពល PXP Philippines បានឲ្យដឹងថា ខ្លួននឹងពិភាក្សាជាមួយក្រុមហ៊ុនប្រេង (CNOOC) របស់ចិន ស្តីពីការរុករកខួងយកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានលុបច្បាប់ហាមប្រាមស្រាវជ្រាវ រុករកថាមពលនៅតំបន់សមុទ្រចិនខាងត្បូង។
តាមការលើកឡើងរបស់ក្រុមហ៊ុន PXP Philippines កិច្ចពិភាក្សាបានចាប់ផ្តើមឡើងហើយ ប៉ុន្តែមិនបានបញ្ជាក់ពីលទ្ធផលនៃកិច្ចពិភាក្សានោះឡើយ។ ក្រុមហ៊ុនហ្វុីលីពីននិងចិនបានពិភាក្សាលើកំណត់ហេតុស្តីពីការអភវិឌ្ឍរួម។
ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានប្រកាសលុបច្បាប់ហាមប្រាមរុករកថាមពលនៅសមុទ្រចិនខាងត្បូង ដែលបានហាមប្រាមកាលពីឆ្នាំ២០១៤ ក្នុងពេលដែលហ្វុីលីពីនប្តឹងចិនឡើងទៅកាន់តុលាការអាជ្ញាកណ្តាល អន្តរជាតិ(PCA) ស្តីពីវិវាទសមុទ្រចិនខាងត្បូង។
អតីតប្រធានាធិបតីហ្វុីលីពីន លោក Benigno Aquino បានអនុម័តច្បាប់ហាមប្រាមរុករកប្រេងនៅឆ្នាំ២០១៤ក្នុងពេលរង់ចាំសេចក្តីសម្រេចរបស់តុកាលារអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពលហ្វុីលីពីនលោក Alfonso Cusi បានឲ្យដឹងថា ការសម្រេចលុបច្បាប់ហាមប្រាម គឺជារឿងល្អដើម្បីជាការបើកផ្លូវ ពិភាក្សាជាមួយក្រុមហ៊ុនចិន រុករកប្រេងដើម្បីសេដ្ឋកិច្ចជាតិ៕ដោយ៖ធី រីណា