នៅថ្ងៃទី២០ខែតុលា ខ្មាន់កាំភ្លើងក្រុមភេរវកម្មអ៊ិស្លាម បានវាយប្រហារទៅលើមន្ទីរឃុំឃាំង Kangbayi ស្ថិតនៅទីក្រុងBeni សាធារណរដ្ឋកុងហ្គោ។ ការវាយប្រហារនោះបានរំដោះអ្នកទោសជាច្រើន ហើយបានធ្វើឲ្យអ្នកទោសប្រមាណ៩០០នាក់ រត់គេចខ្លួនចេញពីគុក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អភិបាលក្រុងBeni លោកModeste Bakwanamaha បានបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើងនៅមន្ទីរឃុំឃាំង Kangbayi ដែលមានអ្នកទោសជាង១ពាន់នាក់បានឃុំខ្លួននៅទីនោះ។
ខ្មាន់កាំភ្លើងក្រុមភេរវកម្មបានព្យាយាមបំផ្លាញទ្វារចូលមន្ទីរឃុំឃាំងដោយប្រើឧបករណ៍អេឡិចត្រូនិក។ការវាយប្រហារត្រូវបានគេដឹងថាជាសកម្មភាពរបស់ក្រុមអ៊ិស្លាម (ADF)។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានអ្នកទោសពីរនាក់ត្រូវបានបាញ់សម្លាប់ក្នុងការវាយប្រហារនោះ។
មន្ទីរឃុំឃាំង Kangbayi ជាទីកន្លែងឃុំខ្លួនក្រុមភេរវករជាច្រើនរូប ក្នុងនោះមានសមាជិកក្រុមADF ។ កាលពីខែមិថុនា ឆ្នាំ២០១៧ អ្នកទោសរាប់រយនាក់បានហែកគុក ក្នុងការវាយប្រហារដូចគ្នានេះដែរ។
ក្រុម ADF ជាក្រុមអ៊ិស្លាម បានបង្កើតឡើងនៅឆ្នាំ១៩៩០ ដើម្បីទាមទារឯករាជ្យចេញពិប្រទេស អ៊ូហ្គង់ដា។ ក្រុមនេះបានពង្រីកទឹកដីដល់សាធារណរដ្ឋកុងហ្គោនៅឆ្នាំ១៩៩៥។ ក្រុមADFត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង១០០០នាក់ក្នុងទីក្រុងBeni ចាប់តាំងពីខែតុលាឆ្នាំ២០១៤ មកទល់ពេលនេះ៕
ដោយ៖ធី រីណា