ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារថ្លែងអំណរគុណ ផ្ញើជូន ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បរសជន បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ខណៈជួបគ្រោះជំនន់ទឹកភ្លៀង។
សម្តេចបានផ្ញើសារថា៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា ជាស្បៀងអាហារ គិតជា អង្គរសរុបចំនួន ៩៧៨តោន និងមី ១០០កេស សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ដល់ ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀង ។
សម្តេចវាយតម្លៃថា៖ កាយវិការដ៏ថ្លៃថ្លានេះស្តែងឲ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងប្រកបដោយសមានចិត្ត សប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាជួបគ្រោះទុក្ខភ័យ ក៏ដូចជាការយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ។
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ សហការី