ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុនសែន ៖ ទម្លាប់របស់ខ្ញុំមិនដែលរត់ចោលប្រជាពលរដ្ឋពេលមានទុក្ខលំបាកនោះឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លៃងអំណរគុណយ៉ាងខ្លាំងទៅលើបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកកឋិន ដែលបានគាំទ្រនិងលើកទឹកចិត្តកងទ័ព ព្រមទាំងរៀបចំបាយបញ្ចប់ជូនកងទ័ព ។ សម្តេចចាត់ទុកថា «នេះជាសន្ដានចិត្ត.. ពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ បានមើលឃើញកងទ័ព មានការហត់នឿយ ក៏បានជួយវេច ខ្ចប់បាយ នេះជាការស្រលាញ់គ្នារវាងខ្មែរនិងខ្មែរ»។
សម្ដេចបានថ្លែងបន្តថា ៖ នេះហើយពាក្យដែលថា រួមសុខ រួមទុក្ខ ក៏ប៉ុន្តែអ្នកខ្លះ រួមពេលតែជាមួយមានសុខទេ ដល់ពេលមានទុក្ខរត់ប្រុចចោលយើងអស់ ..សូម្បីតែពាក្យមួយម៉ាត់ សម្ដែងនូវមរណៈទុក្ខ ..សម្ដែងនូវការសោកស្ដាយ ចំពោះការលិចលង់ក៏គេមិនបាននិយាយផង ប៉ុន្តែសម្រាប់គណបក្សប្រជាជនដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើង ក្រោយរបបប៉ុលពតជាង ៣១ឆ្នាំ យើងនៅតែបន្តប្រពៃណីនេះតទៅទៀត តែងមានវត្តមានជានិច្ចនៃមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជន ។
សម្ដេចតេជោហ៊ុនសែន ក៏បានបង្ហាញអំពីទឹកចិត្តស្រឡាញ់ប្រជាពល ក្នុងនោះសម្ដេចបានមានប្រសាសន៍ថា ៖ «សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់ ដើរចោលប្រជាជន នៅពេលដែលប្រជាជន កំពុងជួបការលំបាកទេ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ ២០០០ ខ្ញុំប្រើពេល ៦៨ថ្ងៃ ដោយគ្មានសម្រាកដើម្បីសង្គ្រោះប្រជាជន នៅពេលនោះដែលមានទំហំដ៏ធំរាប់លានគ្រួសារ ប៉ុន្តែមកដល់ពេលនេះត្រឹមតែប៉ុន្មានសិបមុឺនគ្រួសារ យើងត្រូវមានវត្តមានជួយប្រជាពលរដ្ឋយើង។
សម្តេចបានថ្លែងបែបនេះ ខណៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖