ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាល្លឺម៉ង់ ខណៈករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបានស្ទុះងើបឡើងវិញ នាំគ្នាសម្រុកទៅទិញក្រដាសអនាម័យ

ចែករំលែក៖

អន្តរជាតិ៖ ការលក់ក្រដាសអនាម័យ និងថ្នាំសម្លាប់មេរោគនៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែកើនឡើងជាថ្មីម្តងទៀត ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបមួយនេះ កំពុងតែតស៊ូជាមួយការឆ្លងរីករាលនៃជំងឺCOVID-19 ជារលកទី២។ នេះបើយោងតាមការអះអាងពីការិយាល័យស្ថិតិអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២០ (ពេលវេលានៅអាល្លឺម៉ង់)

បើតាមការិយាល័យស្ថិតិអាល្លឺម៉ង់ បានគូសបញ្ជាក់ថា «ការលក់ក្រដាសបង្គន់អនាម័យ នៅប្រទេសអាល្លឺម៉ង់ បានកើនឡើងរហូតដល់៨៩.៩ភាគរយកាលពីសប្តាហ៍មុន បើប្រៀបធៀបទៅនឹងមុនពេលមានវិបត្តិ។ ជាមួយគ្នានេះ ថ្នាំសម្លាប់មេរោគក៏បានកើនឡើងដល់៧២.៥ភាគរយផងដែរ ខណៈសាប៊ូដុំ បានកើនឡើងដល់៦២.៣ភាគរយ ដែលសុទ្ធសឹងតែជារបស់ដែលមានតម្រូវការខ្ពស់ដូចគ្នា»

សូមជម្រាបផងដែរថា ប្រទេសអាល្លឺម៉ង់ បានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកល COVID-19 ច្រើនជាងបណ្តាប្រទេសធំៗនៅអឺរ៉ុប ដូចជាចក្រភពអង់គ្លេស និងបារាំងជាដើម ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ករណីឆ្លងមានការកើនឡើងជាលំដាប់ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍នេះអាល្លឺម៉ង់បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃថ្មីៗជាង១០,០០០ករណីជាលើកដំបូង។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថាបច្ចុប្បន្ន អាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣៩៣,៥២៥ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១០,០០០នាក់ និងជាសះស្បើយជាង ៣០២,០០០នាក់៕

ដោយ៖ស តារា


ចែករំលែក៖