កន្លងមកមានព័ត៌មានជាច្រើនបានផ្សាយថា ចិននិងរុស្ស៊ីបានរួមកម្លាំងគ្នាដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញមិនអនុញ្ញាតឲ្យអាមេរិកធ្វើអ្វីតាមចិត្តបានឡើយ។ ចិននិងរុស្ស៊ី ជាប្រទេសដែលហ៊ានប្រឆាំងអាមេរិក ដោយបើកចំហនៅលើបញ្ហាសំខាន់ៗ ។
នៅពេលនេះលោកពូទីនបានសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ Conference នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ របស់ក្លិប Valdai ដែលជាក្រុមជំនាញប្រឹក្សាយោបល់របស់រុស្ស៊ី លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «យើងមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ យើងអាចថែរក្សាទំនាក់ទំនងមួយនេះ ប្រកបដោយនិរន្តរភាពគួរឲ្យទុកចិត្ត បំផុត។
ប្រធានាធិបតីពូទីនបានបញ្ជាក់ទៀតថា «មិត្តរបស់ខ្ញុំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ហើយនិងខ្ញុំ តែងតែនិយាយគ្នាជាទៀងទាត់ ដោយបានពិភាក្សាអំពីអ្វីដែលយើងត្រូវធ្វើ។ យើងតែងតែស្វែងរកឱកាសថ្មីៗដើម្បីឆ្ពោះទៅមុខរួមគ្នា»។
លោកពូទីន បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនឹងចិននៅលើឆាកអន្តរជាតិ គឺជាកត្តាដ៏សំខាន់សម្រាប់ស្ថិរភាពកិច្ចការរបស់ពិភពលោក។ ប្រទេសរុស្ស៊ីមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយផ្អែកលើការគោរពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕ដោយ៖ធី រីណា