ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តHillux Vigoពាក់ស្លាកលេខនគរបាលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកHillux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ មានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំពោះអ្នកបើកបានរងរបួសបែកចិញ្ចើមបន្តិចបន្តួច ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ