ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា នាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងបានផ្ទុះឆេះផ្អៀងមួយចំហៀងហើយក៏ក្រឡាប់លិចតែម្តង។សកម្មភាពខាងលើត្រូវបានគេសង្ស័យថាជាការវាយប្រហារបំផ្លាញ។
នៅយប់ថ្ងៃទី២៤ខែតុលា មានករណីផ្ទុះយ៉ាងខ្លាំងនៅតំបន់សមុទ្រAzov ។ ការផ្ទុះនោះគឺនៅលើនាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ី។ តាមការផ្សាយរបស់សារព័ត៌មានមូស្គូ ទាំងនោះជាសកម្មភាពវាយប្រហារបំផ្លាញ ដោយសារតែនៅលើនាវានោះមិនមានប្រេងឬឧស្ម័នឡើយ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឲ្យដឹងថា « នេះជាករណីផ្ទុះនៅលើនាវាដឹកប្រេងរបស់រុស្ស៊ី ដែលមានឈ្មោះថា General Hazi Aslanov ស្ថិតនៅដែនសមុទ្រ Azov។ នៅពេលនេះនាវិក១០នាក់ ក្នុងចំណោម១៣នាក់ត្រូវបានសង្គ្រោះចេញទាន់ពេលវេលា នៅបាត់ខ្លួន៣នាក់ទៀត។
សារព័ត៌មានRIA Novosti បានផ្សាយថា នាវាខាងលើធ្វើដំណើរពីកំពង់ផែ Kavkaz ទៅកាន់ Rostov-on-Don ដោយមិនមានប្រេងឬឧស្ម័ននៅក្នុងនាវានោះឡើយ គឺទទេស្អាត។ សារព័ត៌មានរុស្ស៊ីបានសង្ស័យថានាវាអាចបើកចំមីន ឬក៏ត្រូវមីស៊ីលបុក ដោយសារតែនៅពេលនោះមានប្រទេសជិតខាងធ្វើសមយុទ្ធ ។ ក្រុមអ្នកជំនាញក៏បានស្រាវជ្រាវពីករណីវាយប្រហារដើម្បីបំផ្លាញពីក្រុមជ្រុលនិយមផងដែរ៕ដោយ៖ធី រីណា