ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ទទួលបានផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន២០០គ្រឿង និងមុងចំនួន២០០ ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់កោះចំនួន ២០០គ្រួសារ មកពី ៤ភូមិ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានផ្ទាំសូឡា ១គ្រឿង និងមុងជ្រលក់ថ្នាំចំនួន ១។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ នាថ្ងៃនេះ លោក ម៉ុម សារឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទាំងអស់នាឱកាសនោះ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្របតាមការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្តទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងព្រឹកនេះ បងប្អូនប្រជាពលរដ្ឋយើងបានទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅឋានទាំងអស់៕

ដោយ៖ សិលា


ចែករំលែក៖