ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងបានយកញញួរនិងដុំឥដ្ឋទៅវាយរថយន្តគេបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន គឹមលៀង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងចាប់យក៖ ញញួរផ្លែដែក ដងជរ័ ប្រវែង ៣០សង់ទីម៉ែត្រ,បំណែកដុំឥដ្ឋប្រហោងចំនួន១១ដុំ
និងសម្ភារខូចខាតមាន រថយន្តមួយគ្រឿងម៉ាក Ford Ranger ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC -0162(បែកប្រេះស្រាំកញ្ចក់មុខមួយផ្ទាំង បែកកញ្ចក់ទ្វារឡានចំហៀងខាងឆ្វេង២ ផ្ទាំង ក្រពិឹតគូទក្រោយមួយកន្លែង ក្រពិឹតដំបូលផ្នែកខាងស្តាំ)។
ប្រភពដដែលបន្តថា នៅថ្ងៃកេីតហេតុខាងលេីជនសង្ស័យបានផឹកស្រាបៀរនៅផ្ទះបង ឈ្មោះ យឿន សុខឡៃ និងបងប្អូនចំនួនបីនាក់ទៀតផងដែរ។ លុះផឹកស្រាបៀរអស់ចំនួនកន្លះកេស ពុំដឹងជាមានមូលហេតុអ្វីទេស្រាប់តែជនសង្ស័យបានយកញញួរដែលនៅក្រោមជណ្តេីរដេីរទៅវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់ទៅលេីរថយន្តរបស់ជនគ្រោះបណ្ដាលឲ្យខូចខាតកញ្ចក់ទ្វារចំហៀងផ្នែកខាងស្តាំទាំងពីរផ្ទាំង ក្រពិឹតដំបូលផ្នែកខាងស្តាំ និងផ្នែកខាងក្រោយ កញ្ចក់ផ្នែកខាងមុខប្រេះស្រាំ បែកកញ្ចក់ទ្វារចំហៀងផ្នែកខាងឆ្វេង២ផ្ទាំង។ បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរសព្ទដៃរបស់ខ្លួនបានឃេីញជនសង្ស័យយកញញួរវាយកម្ទេចរថយន្តរបស់ខ្លួន និងយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់មកលេីរថយន្តរបស់ខ្លួនបណ្តាលឱ្យខូចខាតជាច្រើនកន្លែង ភ្លាមនោះក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ