ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត Lexus RX300 បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពី កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្កម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AP-8385 មិនស្គាល់ឈ្មោះអ្នកបើកបរ។
រីឯម៉ូតូរងគ្រោះម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1D-7936 បើកបរដោយឈ្មោះ សាំង លីដា ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ សិស្ស(របួសធ្ងន់ ផ្នែកក្បាលដោយសារមិនពាក់មួកសុវត្តិភាព)។ ចំណែកអ្នករួមដំណើរឈ្មោះ ឈឿន ស្រីនិច ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តខាងលើមកពីក្រោយបុកម៉ូតូទាំងកំរោលបណ្តាលឲ្យម៉ូតូដួលស្លាប់ម្នាក់របួសធ្ងន់ម្នាក់ហើយរថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវដល់មុខផ្ទះប្រជាពលរដ្ឋ។បន្ទាប់មកអ្នកបើកបររថយន្តបានគេចខ្លួនបាត់តែម្តង។ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ។រីឯអ្នកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកអ្នករងរបួស បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ៕
ដោយ៖ប្រាថ្នា