ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា ដឹកនាំក្រុមការងារ ធ្វើការជួសជុលតភ្ជាប់ទំនប់អាងទឹកបាសាក់ ឡើងវិញជាស្ថាពរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទំនប់អាងទឹកបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការតំណាងឱ្យលោករដ្ឋមន្ត្រី លឹម គានហោ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជាស្ថាពរ ។

សូមបញ្ជាក់ជូនថា៖ ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ៣ ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបជាង ២០០ មម បានហូរធ្លាក់ចុះយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០។

បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹកកុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុក សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ ៕

ដោយ៖ សិលា


ចែករំលែក៖