ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រីជាភរិយា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ក្រោយពីអមដំណើរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៤០គ្រួសារ នៅខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ រួចមក លោកនិងលោកស្រីជាភរិយាបានបន្តដំណើរនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន៨០០០ដុល្លារ ប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នងក្នុង ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ក្នុងអំឡុងពេលដែលទឹកកំពុងជន់លិចអស់រយៈពេល១០ថ្ងៃកន្លងមកនេះ ។
អំណោយសម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រគល់ជូនជនរងគ្រោះដោយអគ្គិភ័យតាមរយៈលោកឃួង ស្រេង និងភរិយានេះមានចំនួន៨ពាន់ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយរំលែកទុក្ខ លំបាកខ្វះខាត ដោយហេតុថាពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀត ដើម្បីឲ្យពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។
ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅឋានខាងលើនេះមានឈ្មោះពិល ស៊ីដេត អាយុ៣៧ឆ្នាំត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ផា សោភា អាយុ៣៤ឆ្នាំ ពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង និងភរិយាក៏បានផ្ដល់ថវិការបស់សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាទឹកប្រាក់ចំនួន៤លានរៀលថែមទៀត សម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុស អាយុ ២៨ឆ្នាំដែលត្រូវភ្លើងឆេះជញ្ជាំងផ្ទះក្នុងហេតុការណ៍ជាមួយគ្នានេះផងដែរ។
ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។ ជាក់ស្តែងសម្រាប់ក្រុមគ្រួសារពួកគាត់ពិតជាមិនអាចកាត់ថ្លៃបានឡើយនៅទឹកចិត្តមេត្តាធម៌របស់សម្ដេចទាំងពីរដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏ច្រើនលើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។
លោកឃួង ស្រេង និងលោកស្រី ក្រោយពីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះហើយលោកបានដឹកនាំអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់រលួស ដើម្បីមើលពីស្ថានភាពជាក់ស្ដែងក្រោយពីទឹកបានស្រកអស់និងដើម្បីបន្តការលាងសម្អាតក៏ដូចជាស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយទឹកជំនន់នាពេលកន្លងមកនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញមានអគ្គិភ័យមួយបានឆាបឆេះឡើងបណ្តាលឱ្យផ្ទះប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង៕ដោយ៖សំរិត