ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិកឆ្នាំ​២០២០មានពលរដ្ឋជាង​៨០លាននាក់ហើយបានទៅបោះឆ្នោត

ចែករំលែក៖

បោះឆ្នោតមុនពេលកំណត់ស្មើ​នឹង៥៨ភាគរយនៃចំនួនពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង​១៥០លាននាក់។ កាលពីឆ្នាំ​២០១៦​ មានពលរដ្ឋទៅបោះឆ្នោត១៣៨លាននាក់។ នៅឆ្នាំ២០២០នេះពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់មានចំនួនច្រើនបំផុតមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រ​។
តាមតួលេខ​របស់គណៈកម្មាធិការបោះឆ្នោតអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី​២៩ខែតុលា (ថ្ងៃទី​៣០​តុលានៅកម្ពុជា) មានពលរដ្ឋអាមេរិក​ដល់ទៅ ៨០.០៦១.៦៦១នាក់ហើយបានទៅបោះឆ្នោត។​
នៅរដ្ឋជាច្រើនក្នុងទឹកដីអាមេរិក​បាន អនុវត្តយុទ្ធសាស្ត្រ​បោះឆ្នោតមុនពេលកំណត់ ទាំងការបោះឆ្នោតផ្ទាល់និងការបោះឆ្នោតតាមប្រៃសណីយ៍។ ការបោះឆ្នោតមុនពេលកំណត់មានចំនួនច្រើនបែបនេះគឺដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ច្រើន ​ហើយពលរដ្ឋមិនអាចរង់ចាំដល់ថ្ងៃទី​៣ខែវិច្ឆិកាបាន ព្រោះអាចមានមនុស្សច្រើនទៅបោះឆ្នោត។
ក្នុងចំណោមពលរដ្ឋជាង​៨០លាននាក់បានទៅបោះឆ្នោតនោះមាន​៥១,៩លាននាក់បានបោះឆ្នោតតាមប្រៃសណីយ៍ និង​២៨,១លាននាក់បោះឆ្នោតដោយផ្ទាល់​។ កាលពីការបោះឆ្នោតឆ្នាំ​២០១៦ មានពលរដ្ឋ​ទៅចូលរួមបោះឆ្នោតមុនពេលកំណត់តែ​៤៧លាននាក់ប៉ុណ្ណោះ​។
តាមលទ្ធផលស្ទង់មតិ​បានផ្សាយថា គិតត្រឹមថ្ងៃទី​២៩ខែតុលា បេក្ខភាពប្រធានាធិបតី ចូ បៃឌិន​ទទួលបានការគាំទ្រនាំមុខ ប្រធានាធិបតីដូណាល់ ត្រាំ ៧,៧ភាគរយ​៕

ដោយ៖ធី រីណា


ចែករំលែក៖