ចិនបានស្នើដល់អាមេរិកមិនត្រូវកា្លយជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»ឡើយ គឺការលាក់បាំងមន្ត្រីពុករលួយ មន្ត្រីប្រព្រឹត្តបទល្មើសផ្សេង ដោយយកហេតុផលការពារសិទ្ធិមនុស្ស។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា អាមេរិកមិនត្រូវធ្វើជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»នោះឡើយ។ អាមេរិកបានការពារក្រុមអ្នកមាន អ្នកប្រព្រឹត្តល្មើសសេដ្ឋកិច្ចជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា អាមេរិកត្រូវតែ បញ្ឈប់រាល់ការចោទប្រកាន់គ្មានហេតុផលមកលើរដ្ឋាភិបាលចិនក្នុងការស្វែងរកចាប់ខ្លួនអ្នកទោសពុករលួយដែលបានទៅលាក់ខ្លួននៅអាមេរិក។
ក្រសួងការបរទេសចិនបានលើកឡើងថា « យើងសូមស្នើដល់អាមេរិកត្រូវតែអនុវត្តភារកិច្ចរបស់ខ្លួន មិនត្រូវចង់បានប្រាក់របស់ក្រុមជនល្មើស ហើយផ្តល់ទីតាំងយ៉ាងល្អសម្រាប់ក្រុមអ្នកមានលាក់ខ្លួន ដែលចិនហៅថា«ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»នៅអាមេរិក។
រយៈពេលកន្លងមកចិនបានបើកយុទ្ធនាការបោសសម្អាតអ្នកទោសសេដ្ឋកិច្ចដែលរត់ទៅរស់នៅបរទេស។ នៅឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតីស៊ី ជីងពីង បាន សម្រេច«បើកសំណាញ់មេឃ»ចាប់ខ្លួនអ្នកទោសពុករលួយទៅលាក់ខ្លួននៅក្រៅប្រទេសមកទទួលទោសតាមផ្លូវច្បាប់៕ធី រីណា