ខេត្តរតនគិរី៖ គំនរឈើគររាយប៉ាយចំនួន២ទីតាំងផ្សេងគ្នាមានចំនួន២១ដុំដែលក្រុមឈ្មួញលាក់ទុកបម្រុងដឹកទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងកងរាជអាវុធហត្ថខេត្ត, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងរដ្ឋបាលព្រៃឈើ, កម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ដោយមានសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុក។
ការចុះបង្ក្រាបនោះដោយមានបទបញ្ជាពីលោកថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ហើយកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
តាមប្រភពពីកម្លាំងដែលចុះប្រតិបត្តិការបង្ក្រាបផ្ទាល់បានប្រាប់ថា គំនរឈើនៅទីតាំងទី១ រឹបអូសបានចំនួន១១ដុំ ស្ថិតក្នុងភូមិមុយស្រែក្រោម និងទីតាំងទី២ រឹបអូសបានឈើចំនួន១០ដុំស្ថិតក្នុងភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាសខេត្តរតនគិរី។
ប្រភពបន្តថា ឈើសរុបចំនួន២១ដុំនេះ បានធ្វើការវាស់វែងនៅនឹងកន្លែងជាក់ស្តែងមានចំនួន៦.៧២០ម៉ែត្រគូប។
ក្រោយវាស់វែងរួចរាល់ វត្ថុតាងឈើខាងលើទាំងអស់នេាះត្រូវបានកម្លាំងចម្រុះប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ចែងតាមច្បាប់ព្រៃឈើបន្ត។
គណៈបញ្ជាការឯកភាពខេត្តរតនគិរីក៏បានរឹតបន្តឹងការដឹកជញ្ជូនឈើខុសច្បាប់គ្រប់រូបភាពដោយធ្វើយ៉ាងណាមិនឱ្យនៅមានក្រុមឈ្មួញឈើលបលួចធ្វើសកម្មភាពដោយខុសច្បាប់បន្តទៀតនោះទេ។
ការបង្ក្រាបនោះក៏ដោយសារតែប៉ុន្មានថ្ងៃមុននោះមានបណ្តាញសង្គម Facebookបង្ហោះរូបភាពម៉ូតូដឹកឈើដូចហែកឋិនទៅប្រទេសវៀតណាមទើបលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាកម្លាំងចុះត្រួតពិនិត្យជាក់ស្តែងក្នុងភូមិសាស្ត្រខាងលើហើយធ្វើការបង្ក្រាបនិងរឹបអូសបានឈើបែបនេះ។ ប៉ុន្តែក្នុងខណៈចុះបង្ក្រាបនោះសមត្ថកិច្ចចម្រុះមិនប្រទះឃើញសកម្មភាពដូចបណ្តាញសង្គម Facebook បានបង្ហោះនោះទៀតទេ៕ ដោយ៖ ជីវ័ន្ត