ប្រទេសចិន៖ ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយនូវកិច្ចសវនាការដ៏វិសេសវិសាលមួយ ប្រព្រឹត្តទៅនៅវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានថ្វាយព្រះពរថ្វាយនូវសេចក្តីគោរពនឹករលឹកដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឬទ័យ ស្តេចយាងមកគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយដោយឥតឧបមា ចំពោះការរីកចំរើននៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា- ចិនជាបងប្អូន ដែលមានរយៈពេលជាយូរលង់មកណាស់ហើយ ជាពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំង២មានការរីកចំរើនក្នុងលក្ខណៈល្អពិសេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនិងភាពឈ្លាសវៃប៉ិនប្រសព្វបំផុតរបស់ ថ្នាក់ដឹកនាំកំពូលចិនមានជាច្រើនជំនាន់ណាស់មកហើយ។ ការត្រួសត្រាយនៅមាគារដ៏ភ្លឺត្រចះត្រចង់ត្រូវបានថ្នាក់នាំនិងប្រជាជននៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុងភាពប្រសើរខ្ពង់ខ្ពស់រហូតដល់សព្វថ្ងៃនេះ។
លោកប្រធានាធិបតីស៊ីជិនភីង បានទូលថ្វាយអំពីមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំនិងមហាប្រជាជនចិន នៅតែបន្តថ្វាយ នូវការគាំទ្រការពិនិត្យព្យាបាលព្រះរាជសុខភាពថ្វាយព្រះរាជវង្សានុវង្សខ្មែរ និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា។
មានព្រះរាជសុវណ្ណីសំណេះសំណាលក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យបេតិសោមនស្សក្រៃលែងចំពោះទំនាក់ទំនងមហាមិត្តភាព រវាង ប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ដែលយើងបានរួបរួមសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នា ទៅវិញទៅមកនិងឋិតនៅជិតគ្នាយ៉ាងជិតស្និតគ្រប់ពេលវេលា។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តែងនៅកត្តញូតាធម៌ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរសរបស់ថ្នាក់ដឹកនាំបក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, រដ្ឋាភិបាលនិងមហាប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រប្រកប ដោយសេចក្តីមហាសប្បុរសនិងមានតម្លៃធំធេងក្នុងកិច្ចការចូលរួមចំណែកស្ថាបនាកម្ពុជា ឲ្យមានការរីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស។ ព្រមជាមួយនេះព្រះអង្គសូមសម្តែងនូវការចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះមហាមិត្តចិនដែលបានថ្វាយនៅការពិនិត្យព្យាបាល ព្រះរាជសុខភាព ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីទស្សវត្សឆ្នាំ៧០រហូតដល់ព្រះអង្គមានព្រះជន្ម៩០ព្រះវស្សា ហើយមហាមិត្តចិននៅតែបន្តថ្វាយការពិនិត្យព្យាបាលព្រះរាជសុខភាពសម្តេចព្រះមហាក្សត្រី និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពេលសព្វថ្ងៃនេះ ដើម្បីព្រះអង្គទាំងទ្វេរមានព្រះរាជសុខមាលភាពល្អបរិបូរណ៍ ព្រះជន្មវស្សាយឺនយូរ បានបម្រើប្រទេសជាតិនិងប្រជារាស្ត្រកម្ពុជាជាបន្តទៅតទៀត។
ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឬក្សនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវគ្រឿងឥស្សរិយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតថ្វាយតបទៅនឹងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃអង្គសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ចលើកតម្កើងទំនាក់ទំនង់ មហាមិត្តភាពចិន-កម្ពុជា ឲ្យមានភាពរុងរឿងនិងស្ថិតស្ថេរជាអមតៈ។
នៅរសៀលក្នុងថ្ងៃដដែលនេះដែរ នៅព្រះរាជដំណាក់ក្រុងប៉េកាំងព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមប្រជាជាតិកម្ពុជាទាំងមូលនិងជាព្រះរាជបុត្រដ៏ឆ្នើមបាន ថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមអបអរសាទរ ចំពោះមហាព្រះកិត្តិយសដ៏ធំធេងដែលព្រះអង្គទទួលបានគ្រឿងឥស្សរិយសមិត្តភាព ដែលជាគ្រឿងឥស្សរិយសមានតម្លៃដ៏ខ្ពង់ខ្ពស់ របស់សាធារណរដ្ឋប្រជាមានិតចិន។
ការទទួលបានគ្រឿងឥស្សរិយយសនាឱកាសដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញអំពីព្រះរាជគុណបំណាច់ដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់មិត្តភាពកម្ពុជា-ចិន ជាពិសេសបានយាងដង្ហែ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំជាបងប្អូន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុងឧត្តមបំផុតជាមួយឯកឧត្តមជាថ្នាក់ដឹកនាំជាន់ខ្ពស់កំពូលចិនច្រើនជំនាន់និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។
សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានទទួលគ្រឿងឥស្សរិយយសដ៏ឧត្តុងឧត្តមនេះ ជាមហាកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ។
ព្រះកុរណាព្រះមហាក្សត្រព្រមទាំងព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំ មន្ត្រីរាជការព្រះបរមរាជវាំង សូមថ្វាយព្រះសព្វសាធុការពរនិងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាត្រិយានីខ្មែរគ្រប់អង្គ សូមព្រះមេត្តាប្រសិទ្ធិជ័យបវរសួស្តី មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំសុខដមរមរនាដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានជ្រកកោនយូរអង្វែងតរៀងទៅ៕
ប្រភព៖ ទទក