ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត

ចែករំលែក៖

ប្រទេសចិន៖ ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជា​មានិត​ចិន ព្រះអង្គទទួលបាននូវ​មហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានលោក ស៊ី ជិនពីង ប្រធានាធិ​បតីនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ថ្វាយនូវកិច្ចសវនាការដ៏វិសេសវិសាលមួយ ប្រព្រឹត្ត​ទៅនៅវិមាន​ប្រជាជន ក្នុងរដ្ឋធានី​ប៉េកាំង រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
​លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានថ្វាយព្រះពរថ្វាយ​នូវសេចក្តីគោរពនឹករលឹកដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរ​ព្រះ​រាជ​គុណ​ដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមតាជាតិខ្មែរ​ជាទីសក្ការៈ​​ដ៏ខ្ពង់​ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឬទ័យ ស្តេចយាង​មក​គង់​សម្រាក​ពិនិត្យ​ព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិននាពេលនេះ។ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជា​មានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយ​ដោយឥតឧបមា ចំពោះការរីកចំរើន​នៃ​ទំនាក់​ទំនង​មិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​ប្រជាជន​​នៃប្រទេសយើងទាំង២ កម្ពុជា- ចិនជាបងប្អូន ដែលមានរយៈពេល​ជា​យូរ​​លង់មកណាស់ហើយ ជាពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំង​​​២​មាន​​ការរីក​ចំរើនក្នុង​លក្ខណៈល្អ​ពិ​សេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត​របស់ព្រះ​ករុណា ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ជាមួយនិងភាពឈ្លាសវៃប៉ិនប្រសព្វបំផុត​របស់ ថ្នាក់ដឹកនាំកំពូល​ចិនមាន​ជាច្រើន​ជំនាន់ណាស់មកហើយ។ ការត្រួសត្រាយនៅមាគារដ៏ភ្លឺត្រចះ​ត្រចង់ត្រូវ​បាន​ថ្នាក់នាំនិងប្រជាជននៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុង​ភាព​ប្រសើរ​ខ្ពង់​ខ្ពស់​រហូតដល់សព្វថ្ងៃនេះ។
​លោកប្រធានាធិបតីស៊ីជិនភីង បានទូលថ្វាយអំពីមនោសញ្ចេតនារបស់​ថ្នាក់ដឹកនាំនិងមហាប្រជាជនចិន​ នៅតែបន្តថ្វាយ នូវការគាំទ្រការពិនិត្យព្យាបាល​ព្រះរាជ​សុខភាពថ្វាយ​ព្រះរាជវង្សានុវង្សខ្មែរ និងការអភិវឌ្ឍន៍នៅព្រះរាជាណា​ចក្រ​កម្ពុជា។
​មានព្រះរាជសុវណ្ណីសំណេះសំណាលក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមាន​ព្រះរាជហឬទ័យបេតិសោមនស្សក្រៃលែងចំពោះទំនាក់ទំនងមហាមិត្តភាព រវាង ប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ដែលយើងបានរួបរួមសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នា ទៅវិញទៅមកនិងឋិតនៅជិតគ្នាយ៉ាងជិតស្និតគ្រប់ពេលវេលា។ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​សូមសម្តែង​​នៅ​កត្ត​ញូតាធម៌ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរស​របស់ថ្នាក់​ដឹក​នាំ​បក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, ​រដ្ឋាភិបាលនិងមហាប្រជាជន​ចិន ដែល​តែង​តែជួយឧបត្ថម្ភគាំទ្រប្រកប ដោយសេចក្តីមហាសប្បុរសនិងមាន​តម្លៃធំធេង​ក្នុងកិច្ចការចូលរួមចំណែកស្ថាបនាកម្ពុជា ឲ្យមានការរីកចម្រើន​ជឿន​លឿន យ៉ាង​ឆា​​ប់​រហ័ស។ ព្រមជាមួយនេះព្រះអង្គ​​​សូមសម្តែងនូវការចងចាំគ្មាន​ថ្ងៃ​បំភ្លេចបាន ចំពោះមហាមិត្តចិនដែលបានថ្វាយនៅការពិនិត្យព្យាបាល​ ព្រះរាជ​សុខភាព ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពីទស្សវត្សឆ្នាំ៧០រហូតដល់ព្រះអង្គមានព្រះជន្ម៩០​ព្រះវស្សា ហើយមហាមិត្តចិននៅតែបន្តថ្វាយការពិនិត្យព្យាបាលព្រះរាជសុខភាព​សម្តេចព្រះមហាក្សត្រី និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏​ខ្ពង់ខ្ពស់​បំផុត​​ក្នុង​ពេល​សព្វ​ថ្ងៃនេះ ដើម្បីព្រះអង្គទាំងទ្វេរមានព្រះរាជសុខមាល​ភាពល្អ​បរិបូរណ៍ ព្រះជន្មវស្សាយឺនយូរ បានបម្រើប្រទេសជាតិនិងប្រជារាស្ត្រ​កម្ពុជា​​ជាបន្តទៅតទៀត។
​ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឬក្សនោះ លោក ស៊ី ជិនភីង ប្រធានាធិបតី​នៃ​​សាធារណ​​រដ្ឋ​ប្រជាមានិតចិន បានថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា​ជាតិ​ខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវគ្រឿងឥស្សរិយស​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុតថ្វាយតបទៅនឹងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃអង្គសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ចលើកតម្កើងទំនាក់ទំនង់ មហាមិត្តភាពចិន-កម្ពុជា ឲ្យមានភាព​រុងរឿង​​និង​ស្ថិតស្ថេរជាអមតៈ។
​នៅរសៀលក្នុងថ្ងៃដដែលនេះដែរ នៅព្រះរាជដំណាក់ក្រុងប៉េកាំង​ព្រះករុណា ​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមប្រជាជាតិកម្ពុជាទាំងមូលនិងជា​ព្រះរាជបុត្រដ៏ឆ្នើមបាន ​ថ្វាយ​កន្ត្រកផ្កាដ៏ស្រស់ល្អថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមអបអរសាទរ ចំពោះមហាព្រះកិត្តិយសដ៏​ធំធេង​ដែល​ព្រះអង្គទទួលបានគ្រឿងឥស្សរិយស​មិត្តភាព ដែល​ជា​គ្រឿង​​ឥស្សរិយស​​​​​មានតម្លៃដ៏ខ្ពង់ខ្ពស់ របស់សាធារណ​រដ្ឋប្រជាមានិត​ចិន។
ការទទួល​បាន​​គ្រឿងឥស្សរិយយស​នាឱកាស​ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពថ្មីមួយទៀត​បង្ហាញឲ្យឃើញអំពី​ព្រះរាជគុណបំណាច់ដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចូលរួម​ចំណែកដ៏ធំធេង​ក្នុងការលើកកម្ពស់មិត្តភាពកម្ពុជា-ចិន ជាពិសេសបានយាង​ដង្ហែ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ​ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត ក្នុងការ​កសាង​​ទំនាក់ទំនងមិត្តភាពដ៏រឹងមាំជាបងប្អូន សាមគ្គីភាព និងកិច្ច​សហ​ប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុងឧត្តមបំផុតជាមួយ​ឯកឧត្តមជា​ថ្នាក់ដឹកនាំជាន់ខ្ពស់កំពូលចិនច្រើនជំនាន់និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។
សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានទទួលគ្រឿងឥស្សរិយយសដ៏ឧត្តុងឧត្តមនេះ ជាមហាកិត្តិយសដ៏​ខ្ពស់បំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ។
ព្រះកុរណាព្រះមហាក្សត្រព្រមទាំងព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំ មន្ត្រីរាជការព្រះបរមរាជវាំង សូមថ្វាយព្រះសព្វសាធុការពរនិងបួងសួង​ដល់គុណ​បុណ្យ​​ព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណ​ក្ខន្ធ​​អតីត​ព្រះមហាក្សត្រ ព្រះមហាត្រិយានីខ្មែរគ្រប់អង្គ សូមព្រះមេត្តាប្រសិទ្ធិ​ជ័យបវរសួស្តី មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា​ជាតិ​ខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់នៅជាមហាម្លប់​ដ៏ត្រជាក់ត្រជុំសុខដមរមរនាដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់​ព្រះអង្គ​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​បានជ្រកកោនយូរអង្វែងតរៀងទៅ៕

ប្រភព៖ ទទក


ចែករំលែក៖