ព័ត៌មានទាន់ហេតុការណ៍៖

លេចដំណឹងសុគន្ធ និសា និងឆន សុវណ្ណរាជ ក្លាយជាតួឯករួមគ្នា ក្នុងភាពយន្តភាគល្បី ទិញសិទ្ធិផលិតពីតៃវ៉ាន់

ចែករំលែក៖

      ភ្នំពេញ៖ ជាថ្មីម្តងទៀតតារាចម្រៀង សុគន្ធ នីសា និងលោក ឆន សុវណ្ណារាជនឹងបង្ហាញមុខជាថ្មីក្នុងតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយដែលទទួលសិទ្ធិផលិតពីតៃវ៉ាន់យកមកផលិត។ ភាពយន្តភាគថ្មីមួយនោះ គឺរឿង ចំណតថ្មីនៃសុភមង្គលដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនផងដែរ

ការចាប់ដៃគូសម្តែងជាថ្មីនេះត្រូវធ្វើឡើងក្រោយពីពួកគេធ្លាប់បានសាងភាពល្បីល្បាញរួមគ្នាក្នុងភាពយន្តភាគដែលទិញសិទ្ធិផលិតពីប្រទេសកូរ៉េដែរគឺរឿង​”សិសិរដូវក្នុងបេះដូង” ដែលបានចាក់បញ្ចាំងកាលពីអំឡុង២ឆ្នាំមុន ហើយទទួលបានការគាំទ្រច្រើនលើសលប់នោះ។ ប្រភពពីក្រុមការងារផលិតភាពយន្តខាងលើបានបង្ហើបថា ភាពយន្តភាគរឿង ចំណតថ្មីនៃសុភមង្គល ត្រូវបានទិញសិទ្ធិពីភាពយន្តដ៏ល្បីល្បាញរបស់តៃវ៉ាន់ គឺរឿង”The Fragile Of Happiness”។ ប្រភពថាភាពយន្តនេះបានបញ្ចប់ការផលិតអស់រយៈពេល៣ខែមកហើយ ហើយគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។ មានការលើកឡើងដែរថាភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយផលិតករល្បីឈ្មោះលោក សេង សុវណ្ណារ៉ា និងចូលរួមតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក ជា សំណាង លោក ស្រេន វុធថា លោក ក្រិច ណាខុន លោក សាវិន ហ្វីលីព  អ្នកនាង កុល ដាវី  កញ្ញា ណាក់ ស្រីណា អ្នកនាង មុន្នី រក្សា ជាដើម។ ប្រភពបន្តថាភាពយន្តនេះអាចនឹងផ្ទុះចេញការគាំទ្រខ្លាំងព្រោះតែការផលិតស្ថិតក្រោមការសម្រិតសម្រាំង សម្តែងដោយតារាលំដាប់ជួរមុខ និងត្រូវបានថតប្លង់ជាច្រើននៅលើទឹកដីនៃខេត្តកំពត។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក ឆន សុវណ្ណរាជ និងអ្នកនាង សុគន្ធ និសា បាននៅឡើយ ខណៈភាពយន្តនេះក៏នៅមិនទាន់បញ្ចេញTrailer ជាផ្លូវការនៅឡើយ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖