នៅពេលនេះលទ្ធផលបោះឆ្នោតជាផ្លូវការមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយសារតែការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗនៅតែបន្ត។ ប៉ុន្តែនៅពេលនេះ ក្រុមអ្នកគាំទ្រលោកបៃឌិនបាននាំគ្នាដង្ហែក្បួនអបអរសាទរ ដោយក្តីសង្ឃឹមជាប់ឆ្នោតរបស់លោកបៃឌិនកាន់តែច្បាស់។
ក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅរមណីយដ្ឋានក្នុងទីក្រុងញូវយ៉កកាន់តែច្រើនឡើងដើម្បីអបអរសាទរជ័យជម្នះរបស់លោកបៃឌិន។ ក្រុមយុវវ័យបានច្រៀងរាំលេងយ៉ាងសប្បាយអបអរសាទរជ័យជម្នះ។
នៅក្នុងពេលអបអរសាទរជ័យជម្នះនេះក្រុមអ្នកគាំទ្រលោកបៃឌិន ក៏បានលើកបង្ហាញបដាសរសេរពាក្យស្លោកប្រឆាំងលោកត្រាំផងដែរ។ ក្រុមអ្នកគាំទ្រលោកបៃឌិនបានបញ្ជាក់ថា «យើងធ្វើបានហើយ តួលេខមិនចេះនិយាយកុហកឡើយ»។ អ្នកគាំទ្របានលើកឡើងថា«នៅពេលនេះលោកបៃឌិនបានឈ្នះ លោកត្រាំចាញ់ ទាំងនោះហើយទើបយើងអបអរសាទរ។
ក្រុមអ្នកគាំទ្រលោកបៃឌិនបានធ្វើពិធីអបអរសាទរក្នុងពេលដែល លោកបៃឌិនមានគម្រោងប្រកាសពីជ័យជម្នះនៅយប់ថ្ងៃទី៧ខែវិច្ឆិកានេះ។ ជាមួយគ្នានោះមានព័ត៌មានពី សេតវិមានបញ្ជាក់ថា លោកត្រាំ បានបង្ហាញពីសញ្ញាទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០៕
ដោយ៖ធី រីណា