បណ្តាមន្ត្រីការបរទេសរបស់សហគមន៍អឺរ៉ុប បានប្រកាសថា អឺរ៉ុបនឹងដំឡើងពន្ធនាំចូលទំនិញអាមេរិក មានទឹកប្រាក់សរុប៤ពាន់លានដុល្លារ នៅក្នុងសប្តហ៍ក្រោយ ដើម្បីសងសឹកដល់ទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ុីង។
រដ្ឋាភិបាលអឺរ៉ុប បានគាំទ្រដល់ការដំឡើងពន្ធលើទំនិញអាមេរិក ក្នុងពេលដែលបណ្តារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អឺរ៉ុបជួបប្រជុំគ្នា នៅថ្ងៃទី៩ខែវិច្ឆិកា ហើយនៅថ្ងៃទី១០ ឬ១១ខែវិច្ឆិកា នឹងដំឡើងពន្ធលើទំនិញអាមេរិកជាផ្លូវការ។
តាមគម្រោងអឺរ៉ុបនឹងដំឡើងពន្ធ លើទំនិញរួមមាន យន្តហោះ និងសម្ភារហោះហើរ ផលិតផលកសិកម្ម ផ្លែឈើ សម្ភារសម្រាប់វិស័យកាស៊ីណូ។
កន្លងមក លោកRobert Lighthizer តំណាងក្រសួងពាណិជ្ជកម្មអាមេរិកបានព្រមាន ដល់អឺរ៉ុប មិនត្រូវ ដំឡើងពន្ធសងសឹកអាមេរិកវិញនោះឡើយ។ ប្រសិនបើអឺរ៉ុប បន្តដំឡើងពន្ធតបតអាមេរិកនោះ នឹងទទួលរងការឆ្លើយតបវិញយ៉ាងខ្លាំងបំផុត។
ទំនាក់ទំនងរវាងអឺរ៉ុបនឹងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ដោយលោកបានអនុម័តគោលនយោបាយ អាមេរិកជាចម្បង ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនង ជាមួយប្រទេសជាសម្ព័ន្ធមិត្ត៕ដោយ៖ធី រីណា