ព័ត៌មានទាន់ហេតុការណ៍៖

តុលាការមិនចោទប្រកាន់ មេឆ្នោតវៀតណាម សញ្ញាសម្គាល់ C56 ឈ្មោះ ប៊ុនធឿន តែបែរជា ភ្នាក់ងារ២នាក់ មានទោសទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ ឈ្មោះ ប៊ុនធឿន ដែលជាមេឆ្នោតជនជាតិវៀតណាម មានសញ្ញាសម្គាល់ C56 មិនត្រូវបានតុលាការផ្តន្ទាទោសនោះទេ តែតុលាការបែរជាផ្តន្ទាទោសភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាម នេះ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ តែទោសនេះត្រូវព្យួរ ។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ ជាភ្នាក់ងារនៃឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 របស់ថៅកែឈ្មោះ ប៊ុនធឿន ពីបទភ្នាក់ងារល្បែងស៊ីសង រួចបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅជំនុំជម្រះផ្ទាល់ ។ 

ក្រោយមក លោក កើត សាំង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសាលក្រមផ្តន្ទាទោសឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និង ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និង ពិន័យជាប្រាក់៥លានរៀល តែទោសនេះត្រូវព្យួរ រួចដោះលែងអោយមានសេរីភាព ឡើងវិញ ។ 

មជ្ឈដ្ឋានមួយចំនួន មើលឃើញថា ហេតុអ្វីបានជាតុលាការមិនចោទប្រកាន់មេក្លោងឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 របស់ឈ្មោះ ប៊ុនធឿន បែរជាចោទប្រកាន់ត្រឹមតែភ្នាក់ងារ២នាក់ នេះទៅវិញ ។ 

ជាការកត់សម្គាល់ នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាព ថា ពិតជាបានទទួលកត់ឆ្នោតវៀតណាមអោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល៣៥ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។ ទីតាំងកត់ឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 នេះ គឺ ដំណើរការជាយូរមកហើយ ដោយមានថៅកែឈ្មោះ ប៊ុនធឿន ជាអ្នកកាងរហូតមក ។

គួររំលឹកថា នគរបាលខណ្ឌដង្កោ ទើបបានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមដុះស្លែមួយនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី ថ្មីៗនេះ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ឃាត់ខ្លួនបានភ្នាក់ងារ២នាក់ នេះ ។ 

ប៉ុន្តែ ឥឡួវត្រូវបានតុលាការ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និង ពិន័យជាប្រាក់៥លានរៀល តែទោសនេះត្រូវព្យួរ រួចដោះលែងអោយមានសេរីភាពឡើងវិញហើយ ៕

ដោយ៖ចេស្តា


ចែករំលែក៖