ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៥២នាក់ ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ត «អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់»តែរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ថ្មីចំនួន២នាក់

ចែករំលែក៖

ភ្នំពេញ៖យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៥២នាក់ ដែលបានទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់ ។ 

ក្រសួងសុខាភិបាល បន្តថា ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មានចំនួន៩៤៤នាក់ សម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុរសម្នាក់ ជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ទន្ទឹមនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ «អវិជ្ជមានវីរុសកូវីដ-១៩» ត្រូវបន្តធ្វើចត្តាឡីស័កតាមគេហដ្ឋានអោយបានត្រឹមត្រូវ និង នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម នេះ ៖

  -លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០

  -លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០

  -លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ 

ដោយឡែក ក្រសួងសុខាភិបាល ក៏ទើបរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ថ្មី ចំនួន២នាក់ ផងដែរ ដែលជាបុរសខ្មែរម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និង ម្នាក់ទៀត នៅក្រុងដូនកែវ ខេត្តតាកែវ ដែលទើបធ្វើដំណើរពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និង មកកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

បច្ចុប្បន្ន អ្នកទាំង២នាក់ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕ ដោយ ៖ចេស្តា


ចែករំលែក៖