ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ពលរដ្ឋកាលពីថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៣និង៣០នាទី នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ ស ពន្លក ហៅឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះ សូ ចន្ទ័ដារិទ្ធ ហៅប៉ាវចិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ញញួរដែកចំនួន១,កូនសោចំនួន២, ថូផ្កាធ្វើពីលោហធាតុពណ៌លឿងចំនួន២,កែវចំនួន៧។
ប្រភពដដែលបន្តថា កម្លាំងនគរបាលអន្តរាគមន៍ក្រុងតាខ្មៅ បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើ កំពុងធ្វើសកម្មភាពលួចគាស់ផ្ទះ ហើយនាំគ្នាយកសម្ភារដែលលួចបានលីចេញពីផ្ទះនោះ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ចូលទៅកន្លែងកើតហេតុ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ឈ្មោះ ស ពន្លក ហៅឆៃ ភេទប្រុស អាយុ៣០ឆ្នាំរួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពលួចគាស់ផ្ទះគេបានសម្រេចចំនួន២ដងមកហើយ៕ដោយ៖ស្អាងជ័យ