ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា៖ អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ មាន​បញ្ហា

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ លោក U Than Htay ប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ា បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ជាតិមានបញ្ហាចម្រូងចម្រាសមួយចំនួន តែមិនបានបង្ហាញភស្តុតាងជាក់លាក់ណាមួយឡើយ  មិនតែប៉ុណ្ណោះប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ារូបនេះ ទទូចឲ្យអ្នកគាំទ្ររបស់ខ្លួន ជួយផ្តល់ភស្តុតាងបង្ហាញពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតលើកនេះ

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Irrawaddy និយាយថា តាមរយៈតួលេខរាប់សន្លឹកឆ្នោតបឋម បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានទទួលអាសនៈសភាសហព័ន្ធចំនួន៣៩៧ ដែលលើសពីចំនួនអាចបង្កើតរដ្ឋាភិបាលបាន ៣២២កៅអីទៅទៀត ចំណែកបក្សសាមគ្គីនិងអភិវឌ្ឍសហភាព (USDP) ដែលជាបក្សប្រឆាំងដ៏ធំជាងគេ និងគាំទ្រដោយយោធា បានទទួលអាសនៈនៅក្នុងសភាត្រឹមតែ២០ប៉ុណ្ណោះ តិចជាងកាលពីបោះឆ្នោតឆ្នាំ២០១៥ ដែលមានចំនួន៤១កៅអី

បើតាមប្រធានបក្សសាមគ្គី និងអភិវឌ្ឍសហភាព លោក U Than Htay ទាក់ទិននឹងជុំវិញការបោះឆ្នោតនេះ បានអះអាងថា មានបញ្ហាមួយចំនួននៅក្នុងអំឡុងពេលបោះឆ្នោត ប្រធានបក្សប្រឆាំងមីយ៉ាន់ម៉ា បានលើកឡើងទៀតថា «​ការប្រកាសបេក្ខជនជាប់ឆ្នោតនៅតែបន្តខណៈមានបញ្ហាចម្រូងចម្រាសជាច្រើននៅក្នុងដំណើរការ​»​

លោក​U Than Htay ថ្លែងនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook បានបន្តថា ដោយសារតែមានបញ្ហាអសកម្មទាំងនេះ បក្សរបស់លោក នឹងដាក់ពាក្យបណ្តឹងដោយផ្អែកទៅច្បាប់ ដើម្បីឲ្យលទ្ធផលមានភាពសុក្រឹត និងស្របច្បាប់យ៉ាងណាក៏ដោយ មេដឹកនាំប្រឆាំងរូបនេះ មិនបានបង្ហាញភស្តុតាងជុំវិញភាពអសកម្មទាំងនោះទេ និងស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនដាក់ភស្តុតាងនៃបញ្ហាចម្រូងចម្រាសទាំងនោះមកឲ្យបក្ស

បច្ចុប្បន្ន បើគិតមកត្រឹមព្រឹកម៉ោង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះលទ្ធផលផ្លូវការ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានកាន់កាប់កៅអីសភាជាន់ទាប២៤២ កៅអីសភាជាន់ខ្ពស់បានចំនួន១១៩ និងកៅអីសភានៅរដ្ឋ និងតំបន់បានចំនួន ៤០៧ហើយ​។

គួរបញ្ជាក់ថា តាមច្បាប់មីយ៉ាន់ម៉ា រាល់បណ្តឹងទាក់ទិននឹងការបោះឆ្នោតទាំងអស់ ត្រូវសម្រេចដោយ គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា ព្រោះកន្លងមក បក្សសាមគ្គី និងអភិវឌ្ឍសហភាព ក៏ធ្លាប់រិះគន់លើគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា(UEC) ជុំវិញដំណើរការចុះឈ្មោះបោះឆ្នោត ការបង្កើតគណៈកម្មការបោះឆ្នោតតំបន់ និងបញ្ហាផ្សេងទៀតជាដើម មិនត្រឹមតែប៉ុណ្ណោះដោយសារមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងវិបត្តិ COVID-19 បក្សប្រឆាំងដ៏ធំមួយនេះ ក៏បានស្នើឲ្យគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាលើកពេលបោះឆ្នោតផងដែរ ប៉ុន្តែសំណើនេះបរាជ័យដោយ៖ស តារា


ចែករំលែក៖