ភ្នំពេញ៖ រថយន្តស្ទួចរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាដោយសារការបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យទាក់ខ្សែភ្លើងបាក់បង្គោលភ្លើង អស់ចំនួន៣ដើម និងធ្លាក់ខ្សែភ្លើងរាយពេញផ្លូវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែវិថ្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨ កែងផ្លូវលេខ៥១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទួចមួយគ្រឿងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាមិនបញ្ជាក់ស្លាកលេខ បើកខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យទាក់ខ្សែភ្លើងទាញបាក់បង្គោលអស់ចំនួន៣ដើម ធ្លាក់ខ្សែភ្លើងរាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្លាចឆ្លងអគ្គិសនី អាចនឹងបង្កជាអគ្គិភ័យកើតឡើង ប៉ុន្តែសំណាងល្អមិនបង្កជាអគ្គិភ័យនោះឡើយ ហើយក៏គ្មាននរណាម្នាក់រងរបួសនោះដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចទំនាក់ទំនងទៅខាងEDCបិទចរន្តភ្លើងដើម្បីកាត់ខ្សែភ្លើង និងលើកបង្គោលចេញពីផ្លូវកន្លែងកើតហេតុដើម្បីឱ្យបងប្អូនធ្វើដំណើរ៕ដោយ៖រ៉ារ៉ា