ខេត្តក្រចេះ៖ បុរសម្នាក់ បានធ្វើសកម្មភាពដើរបោកប្រាស់គេ ក្នុងទំហំលុយរាប់ម៉ឺនដុល្លារដោយសន្យាថា ធានានាំចូលបម្រើការងារក្នុងក្របខ័ណ្ឌយោធា នៃបញ្ជាការដ្ឋានទ័ពជើងគោក ត្រូវកម្លាំងអាវុធហត្ថស្រុកសំបូរ ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ខណៈជននេះបានគេចខ្លួនបាត់ពីផ្ទះអស់ជាច្រើនខែទើបវិលមកលំនៅឋានវិញ។ រហូតនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈជនរងគ្រោះជាច្រើននាក់ ដែលត្រូវគេឆបោក កំពុងតែមកដាក់ពាក្យបណ្តឹងនៅទីបញ្ជាការអាវុធហត្ថស្រុកជាបន្តបន្ទាប់ផងដែរ។
បើតាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា យុវជនម្នាក់នេះឈ្មោះ ហ៊ាង កុសល្យ មានទីលំនៅក្នុងឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ ដោយជនឆបោករូបនេះ បានធ្វើសកម្មភាពរយៈពេលជិតមួយឆ្នាំមកហើយ មិនត្រឹមតែបោកបញ្ឆោតអ្នកក្នុងខេត្តទេ ដែលរងគ្រោះដោយសារការឆបោករបស់គេ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងក៏គេដឹងថា មានច្រើននាក់ទៀតត្រូវរងការបោកប្រាស់ពីជនម្នាក់នេះផងដែរ។
ជុំវិញបញ្ហានេះដែរ ជនឆបោករូបនេះ បានអះអាងថា គេជាអ្នករត់ការឲ្យចូលបម្រើរការងារក្នុងក្របខ័ណ្ឌយោធា និងបានបោកប្រាស់ជនរងគ្រោះក្នុងម្នាក់ៗ ចាប់ពី៤ពាន់ដុល្លារឡើងទៅ ជាថ្នូរនិងការរត់ការឲ្យជាប់ពេញសិទ្ធក្នុងក្របខ័ណ្ឌ។
បច្ចុប្បន្ន កម្លាំងកងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជននេះ និងរថយន្តស៊េរីទំនើបរបស់គេមួយគ្រឿងមករក្សាទុក ដើម្បីបន្តនីតិវិធីទៅតុលាការ៕
ដោយ៖សហការី