ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា៖ ចំពោះប៉ូលិសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យទៅលើអ្នកមិនពាក់មួកសុវត្ថិភាព តែក៏ត្រូវពិនិត្យមើលទៅលើប្រជាពលរដ្ឋផងដែរ បើពួកគាត់ ធ្វើដំណើរតាមដងផ្លូវមិនពាក់ម៉ាស់យើងត្រូវប្រគល់ម៉ាសជូនពួកគាត់ជាមួយនិងការណែនាំអោយពួកគាត់ពាក់ម៉ាសជាប្រចាំ។
លោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសប្រគល់ម៉ាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន២លានម៉ាស ក្រោមវត្តមាន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ។
កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលរាជធានីភ្នំពេញ ជូនទៅអាជ្ញាធរខណ្ឌ ទាំង១៤ មន្ទីរ ប្រធានផ្សារ ដើម្បីបន្ដចែកជូនពលរដ្ឋក្រីក្រ នៅ មូលដ្ឋាន ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាសក្រណាត់ទាំង២លាននេះគឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពល រដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការ ទិញម៉ាសយកមកប្រើប្រាស់ដើម្បីបង្ការនិងការពារជំងឺកូវីដ–១៩ ។ ម៉ាស់ទាំងនេះនឹងប្រគល់ជូនទៅខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុនសែន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្ដេចបានជួយប្រជាពលរដ្ឋរងគ្រោះដោយការលិចលង់ដោយទឹកជំនន់ ហើយមកដល់ពេលនេះសម្ដេចនៅបានបន្តចែកម៉ាសជូនប្រជាពលរដ្ឋក្រីក្រថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការការពារនូវជំងឺកូវីដ–១៩ ។
លោកបញ្ជាក់ថា ម៉ាសនេះ អាចប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាសការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ–១៩ ។
ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩នេះ ពិសេសចំពោះអ្នក ដែលកំពុងចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់លោកគ្រូពេទ្យ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យ មានការចម្លងទៅអ្នកដទៃផ្សេងទៀត ៕ដោយ៖សំរិត