ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថភ្នំពេញ ដឹកជញ្ជូនម៉ាសចំនួន២លាន របស់សម្តេច តេជោ ហ៊ុន សែន ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបែងចែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ឲ្យ បញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និង បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ភ្លាមៗនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចនេះ ឲ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទាំង២លានម៉ាស ចេញពីឃ្លាំង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីបែងចែក ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។

ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសនេះ កម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ និងរថយន្តដឹកជញ្ជូនធុនធំចំនួន ៤គ្រឿង ចេញទៅដល់គោលដៅលីសែង លើកដាក់ម៉ាសលើរថយន្តនិងទម្លាក់ចុះ តាំងពីពេលទទួលបានការប្រគល់ភារកិច្ចភ្លាមៗ។ រហូតដល់ម៉ោងជិត១០យប់ថ្ងៃទី១១ ខែវិច្ឆិកា ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តន៍បទបញ្ជាផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង។ ជាមួយនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺតែងតែលាងដៃនឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកម្តៅគ្រប់ៗគ្នាផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖