ខេត្តសៀមរាប៖ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋានផងនោះបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរប្រកបដោយតម្លាភាព។
ប្រភពពីខេត្តសៀមរាបបានឲ្យដឹងថា ក្រុមការងារក្នុងគោលដៅទី១ប្រចាំស្រុកពួកដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយនៅភូមិបឹងខ្នារ ភូមិព្រៃក្មេង ភូមិខ្នាត ភូមិជ្រលង ភូមិព្រៃធ្លក និងភូមិស្វាយ ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាត៩សំណើឲ្យប្រជាពលរដ្ឋធ្វើការជួសជុលផ្ទះឡើងវិញ។
ចំពោះគោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុង កុសល បានពិនិត្យ និងដោះស្រាយនៅភូមិបឹងដូនប៉ា ភូមិទ្រាំង និងភូមិមណ្ឌលបី សង្កាត់ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើផងដែរ។
មន្រ្តីបានបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុលរបស់ប្រជាពលរដ្ឋ គឺពុំមានការបង់ប្រាក់ឬចំណាយផ្សេងៗទេ៕
ដោយ៖ប្រាថ្នា