ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​បាន​ចំនួន១៤ករណី

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន២គោលដៅនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋានផងនោះបានចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរប្រកបដោយតម្លាភាព។

ប្រភពពីខេត្តសៀមរាបបានឲ្យដឹងថា  ក្រុមការងារ​ក្នុងគោលដៅ​ទី១ប្រចាំ​ស្រុក​ពួក​ដឹកនាំ​ដោយ លោក អឿន សំអុន បាន​ពិនិត្យ និង​ដោះស្រាយ​នៅ​ភូមិ​បឹង​ខ្នារ ភូមិ​ព្រៃ​ក្មេង ភូមិ​ខ្នាត ភូមិ​ជ្រលង ភូមិ​ព្រៃ​ធ្លក និង​ភូមិ​ស្វាយ ឃុំ​ខ្នាត។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង​ក្រុមការងារ​បានអនុញ្ញាត៩សំណើឲ្យប្រជាពលរដ្ឋធ្វើការជួសជុលផ្ទះឡើងវិញ។

ចំពោះគោលដៅ​ទី២ ក្រុមការងារ​ប្រចាំ​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក ឡុង កុសល បាន​ពិនិត្យ និង​ដោះស្រាយ​នៅ​ភូមិ​បឹង​ដូន​ប៉ា ភូមិ​ទ្រាំង និង​ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង​ក្រុមការងារ​បានអនុញ្ញាត​ចំនួន៥សំណើផងដែរ។

មន្រ្តីបានបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុលរបស់ប្រជាពលរដ្ឋ គឺ​ពុំមាន​ការបង់ប្រាក់​ឬចំណាយផ្សេងៗទេ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖