ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីរក្សាអំណាច លោកត្រាំនឹងធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់​?

ចែករំលែក៖

សាធារណមតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអុីរ៉ង់ របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ គោលដៅនៃការវាយប្រហារដើម្បីរក្សាអំណាច ដឹកនាំអាមេរិក ក្រោយបរាជ័យក្នុងការបោះឆ្នោតឆ្នាំ​២០២០ ។
ការសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិ Mark Esper ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា និងដាក់បុគ្គលថ្មីស្តាប់បង្គាប់ដែលងាយស្រួលក្នុងការបញ្ជា គឺលោកChristopher Miller បានបង្កក្តីបារម្ភពីការវាយប្រហារអុីរ៉ង់​មុនពេលលោកចាកចេញពីសេតវិមាននៅថ្ងៃទី ២០ខែមករាឆ្នាំ​២០២១។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅដែលលោកត្រាំ ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ​គឺលោកមានគោលដៅសំដៅទៅប្រទេសនៅខាងក្រៅគឺអុីរ៉ង់។ ដោយសារតែលោក Mark Esper ប្រឆាំងការធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់​។
រដ្ឋាភិបាលរបស់លោកត្រាំ ជិតចប់អាណត្តិ​ ហើយពេលនេះត្រៀម លក្ខណៈប្រើប្រាស់កណ្តាប់ដៃរបស់ខ្លួនវាយប្រហារសម្រុកទៅលើគោលដៅដើម្បីអាចបន្តឈរជើង​ទៅមុខទៀត។ គ្រប់មធ្យោបាយដែលអាចជួយរក្សាអំណាចលោកបាន មិនថាអាក្រក់ឬល្អនោះឡើយ លោកត្រាំ​នឹងអនុវត្តដើម្បីបានដឹកនាំអាមេរិក៤ឆ្នាំទៀត​។
ប៉ុន្តែអ្វីគ្រប់យ៉ាងពិបាកក្នុងការកែប្រែដោយសារតែរកមិនឃើញមានករណី​បន្លំសន្លឹកឆ្នោត ដែលជាហេតុមិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតបានឡើយ​។ ទាំងនោះហើយ​បានជា​លោកត្រាំ ងាកមកបង្កស្ថានភាពនៃសង្គ្រាមដោយចៃដន្យដើម្បីបន្តរក្សា​«​ប្រធានាធិបតីសម័យសង្គ្រាម»​អាចនឹងបន្តឈរជើងនៅសេតវិមានដដែល​។
នៅពេលនេះដែរ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានព្រមានថាការសម្រេច ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ហើយជំនួសវិញដោយបុគ្គលផ្សេងមិនជាប់ពាក់ព័ន្ធក្រសួងការពារជាតិ គឺមានចេតនាដើម្បីធ្វើឲ្យការផ្លាស់ប្តូរអំណាចត្រូវជាប់គាំង ហើយលោកត្រាំបន្តដឹកនាំអាមេរិក​។
ចំណែកអុីស្រាអែលវិញ បារម្ភ​ខ្លាច លោកបៃឌិនដឹកនាំអាមេរិក ហើយបង្កើតទំនាក់ទំនងឡើងវិញ ជាហេតុធ្វើឲ្យគោលដៅរបស់អុីស្រាអែលត្រូវបំផ្លាញ។ ចំណុចទាំងនោះហើយ ទើបក្រុមអ្នកវិភាគបានលើកឡើងថា អុីស្រាអែលអាចវាយប្រហារទៅលើទាហានអាមេរិកដើម្បីទម្លាក់កំហុសទៅលើអុីរ៉ង់ ពេលនោះសង្គ្រាមវាយប្រហារក៏ចាប់ផ្តើមឡើង​ ។ បើមានសង្គ្រាមកើតឡើងបន្ទាន់ លទ្ធផលបោះឆ្នោតអាមេរិក ក៏ត្រូវទុកចោលម្ខាង ហើយលោកត្រាំបន្តដឹកនាំអាមេរិកក្នុងការធ្វើសង្គ្រាម​៕

ដោយ៖ធី រីណា


ចែករំលែក៖