ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ ហាមក្រុមហ៊ុនអាមេរិក រកស៊ីជាមួយចិន

ចែករំលែក៖

នៅថ្ងៃទី​១២ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានចុះហត្ថលេខាលើបទបញ្ជាហាមជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដោយរដ្ឋាភិបាលលោកត្រាំចាត់ទុកថា​ជាក្រុមហ៊ុនមានកម្លាំងយោធា​នៅពីក្រោយ ។
ច្បាប់ខាងលើអនុវត្តទៅលើក្រុមហ៊ុនចិន​ចំនួន​៣១​ដែលមានទំនាក់ទំនងជាមួយយោធាចិន​ ជាការគំរាមកំហែងដល់សន្តិសុខរបស់អាមេរិក​។
ក្រុមហ៊ុន ហួវៃ និង Hikvision ដែលជាក្រុមហ៊ុន​ផ្គត់ផ្គង់ឧបករណ៍តាមដានលំដាប់ពិភពលោកមានកាមេរ៉ាសុវត្ថិភាព​ជាដើម។ ក្រុមហ៊ុននោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ​​ព្រមទាំងក្រុមហ៊ុន​មួយចំនួនទៀតរបស់ចិន ដូចជា China Telecom និង China Mobile។​
បទបញ្ជារបស់លោកត្រាំបានហាមប្រាមក្រុមវិនិយោគអាមេរិក ទិញភាគហ៊ុនណាមួយរបស់ក្រុមហ៊ុនចិនផងដែរ​​។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន​អាមេរិកមានរយៈពេល​ដល់ខែវិច្ឆិកាឆ្នាំ២០២១ ដើម្បីដកហ៊ុនចេញពីក្រុមហ៊ុនចិន​។
បទបញ្ជារបស់លោកត្រាំ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី​១១ខែមករា​​ ឆ្នាំ​២០២១ ។ នេះជាសកម្មភាពថ្មីរបស់លោកត្រាំ
មុនពេលបញ្ចប់អាណត្តិនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១។ ពាក់ព័ន្ធនឹងការបោះឆ្នោត ប្រធានាធិបតីដូណាល់ ត្រាំមិនទាន់ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួននៅឡើយទេ ដោយកំពុងតែតស៊ូតាមផ្លូវច្បាប់​៕ដោយ៖ធី រីណា


ចែករំលែក៖