ខេត្តកំពត៖ គំនរដែក និងជ័រ ដែលជារបស់អេតចាយត្រៀមដឹកចេញទៅប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម បានហាមឃាត់មិនឲ្យដឹកជញ្ជូនចូលជាដាច់ខាត ខណៈគំនរអេតចាយទាំងនោះ ត្រូវបានឈ្មួញយកមកដាក់គរចោលដូចភ្នំនៅតាមបណ្ដោយដៃសមុទ្រ នៅចំណុចឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច និងដៃសមុទ្រម្ខាងទៀតជាប់ភូមិសាស្ត្រខេត្តកែប។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាអ្នកមើលការខុសត្រូវនៅកន្លែងដែកអេតចាយនោះ បានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១២ វិច្ឆិកាម្សិលមិញនេះថា ដែកអេតចាយទាំងនេះ គឺត្រៀមដឹកជញ្ជូនតាមផ្លូវទឹក នៅចំណុចស្ពានដែកយកទៅវៀតណាម ប៉ុន្តែអាជ្ញាធរវៀតណាមបានរឹតបន្តឹងសារជាថ្មីមិនឲ្យនាំដែកអេតចាយចូលតាមផ្លូវទឹកបានដូចមុនៗទេ ។
ប្រភពដដែល បន្តថា ទោះបីដឹកសម្ភារអេតចាយចូលតាមច្រកទ្វារអន្តរជាតិព្រែកចាកក៏ដោយ ក៏ខាងភាគីវៀតណាមមិនអនុញ្ញាតឲ្យនាំចូលនោះទេព្រោះតែមានការរឹតត្បឹតបែបនេះហើយ ទើបអ្នកដឹកអេតចាយចូលតាមផ្លូវទឹកវិញម្ដង ប៉ុន្តែដើមខែវិច្ឆិកានេះ វៀតណាមចាប់បិទជិតឈឹងតែម្ដង។
ដោយឡែកជុំវិញបញ្ហានេះដែរ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក លោកង៉ែត សាវឿន ក៏បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២០ថា អ្នកដឹកអេតចាយទាំងនោះកន្លងមក ពួកគាត់បានដឹកជញ្ជូនតាមច្រករបៀងចូលទៅវៀតណាម។ ការដឹកជញ្ជូនរូបភាពធំដុំនេះដែលចាត់ទុកថា ជារឿងខុសច្បាប់មួយទៅហើយ។
ជាមួយគ្នានេះ លោកង៉ែត សាវឿន បានបញ្ជាក់ទៀតថា រឿងអាជ្ញាធរមិនឲ្យដឹកសម្ភារអេតចាយចូលបាន គឺជារឿងប្រទេសគេ ព្រោះគេត្រូវការពារជំងឺកូវីដ-១៩ ៕
ដោយ៖សហការី