ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រពន្ធដេីម ក្លាយជាអ្នកទោសក្រោយពីដឹកដៃកូនតាមរកប្តី ខណៈកំពុងរៀបការជាមួយស្រីថ្មី ដល់ក្នុងរោងការ ត្រូវចៅក្រមអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖​ បើយោងតាមមន្ត្រី​ជាន់ខ្ពស់​របស់ក្រសួង​យុត្តិធម៌​ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា ករណី​ ឈ្មោះ​ ហុក​ ស្រី​ណុច​ ដែល​ត្រូវសមត្ថកិច្ច​នាំខ្លួនតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ នួន​ វណ្ណៈ​ ត្រូវ​បានចៅក្រម​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។ បន្ទាប់​ពី​សាកសួររួចហេីយ​ ចៅក្រម​មិនបានឃុំខ្លួនទេ​ តែបានដាក់​ឈ្មោះ​ ហុក​ ស្រី​ណុច​ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​របស់​តុលាការ​ ។ ដោយផ្អែកលើមូលហេតុ​ដែល​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ ព្រោះ​តែ​ឈ្មោះ​ ហុក​ ស្រី​ណុច​ មិនព្រម​ចូល​ខ្លួន​មកបំភ្លឺ​តុលាការ​តាមការកោះហៅ​ ។

សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទារប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូន​ តែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តង ខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ ។

ដោយឡែកបើតាមសមត្ថកិច្ច បានបង្ហើបជុំវិញករណីខាងលើនេះថា៖ ដេីមបណ្តឹង​ មានឈ្មោះ ទេស​ ស្រីនាង​ អាយុ៣៥​ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលី​ ច្រាយ​ ២៩​ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។

ចំណែកជនត្រូវចោទជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ចំពោះការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០​២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរ​នៃសាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច២ឡានមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។បច្ចុប្បន្ន ឈ្មោះ​ ហុក​ ស្រី​ណុច​ ដែល​ត្រូវសមត្ថកិច្ច​នាំខ្លួនតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ នួន​ វណ្ណៈ​ ត្រូវ​បានចៅក្រម​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ៕

 

ដោយ៖សហការី


ចែករំលែក៖