ខេត្តកណ្ដាល៖ បើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា ករណី ឈ្មោះ ហុក ស្រីណុច ដែលត្រូវសមត្ថកិច្ចនាំខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រម នួន វណ្ណៈ ត្រូវបានចៅក្រមអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ។ បន្ទាប់ពីសាកសួររួចហេីយ ចៅក្រមមិនបានឃុំខ្លួនទេ តែបានដាក់ឈ្មោះ ហុក ស្រីណុច ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។ ដោយផ្អែកលើមូលហេតុដែលចៅក្រមចេញដីកាបង្គាប់ឲ្យនាំខ្លួន ព្រោះតែឈ្មោះ ហុក ស្រីណុច មិនព្រមចូលខ្លួនមកបំភ្លឺតុលាការតាមការកោះហៅ ។
សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទារប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូន តែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តង ខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ ។
ដោយឡែកបើតាមសមត្ថកិច្ច បានបង្ហើបជុំវិញករណីខាងលើនេះថា៖ ដេីមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ៣៥ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលី ច្រាយ ២៩ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។
ចំណែកជនត្រូវចោទជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ចំពោះការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច២ឡានមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។បច្ចុប្បន្ន ឈ្មោះ ហុក ស្រីណុច ដែលត្រូវសមត្ថកិច្ចនាំខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រម នួន វណ្ណៈ ត្រូវបានចៅក្រមអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ៕
ដោយ៖សហការី